(ក្រចេះ)៖ យុវជន៣នាក់ ដែលបានទៅលេងនៅខ្សាច់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ ហើយបាត់ខ្លួនដោយសារលង់ទឹកនោះ ក្រោយមកកម្លាំងនគរបាលរកឃើញ សាកសពជនរងគ្រោះ២នាក់ នៅរសៀលថ្ងៃទី៣០ ខែធ្នូម្សិលមិញ លុះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានរកឃើញសាកសពមួយទៀតហើយ ដូច្នេះសាកសពត្រូវបានកម្លាំងនគរបាលជំនាញរកឃើញទាំង៣នាក់ហើយ។
បច្ចុប្បន្នសពក្រោយពីពិនិត្យរួចរាល់ នគរបាលជំនាញបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា យុវជនជាច្រើននាក់ ទៅលេងកម្សាន្ដនៅឆ្នេរខ្សាច់កោះទ្រុង ត្រូវបានបាត់ខ្លួនចំនួនបីនាក់ រកមិនទាន់ឃើញ តែប្រទះឃើញកាបូបស្ពាយ ខោរអាវ និងស្បែកជើង ក្មេងមួយក្រុមបានទុកចោលនៅលើឆ្នេរ ដោយមិនឃើញម្ចាស់ ក៏នាំគ្នាដើររក និងរាយការជូនសមត្ថកិច្ចភ្លាមៗ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើឆ្នេរច្សាច់កោះទ្រង ក្នុងសង្កាត់កោះទ្រង ក្រុងក្រចេះ ខេត្តក្រចេះ។
លោក នេត លីន អធិការក្រុងក្រចេះ បានឲ្យដឹងថា ពួកគេមានគ្នាបីនាក់ ជាក្មេងប្រុស ជាសិស្សសាលាទៀតផង ហើយយុវជនទាំងបីនាក់នោះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ប្រហែល៥ល្ងាចម៉្លេះ តែគ្មានអ្នកសង្ស័យដោយស្មាន់ថា ពួកគេចុះលេងទឹកបាត់។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អាចនឹងលង់ទឹកទន្លេស្លាប់ គ្រាដែលកម្លាំងនគរបាល នៃស្នងការខេត្តក្រចេះ សហការជាមួយអធិការក្រុង ចុះរាវរកមិនឃើញនៅយប់មិញនេះ។
លោកអធិការបញ្ជាក់ថា យុវជនដែលបាត់ខ្លួនទាំង៣នាក់នេះ ទី១៖ ឈ្មោះ គង់ វាសនា អាយុ១៥ឆ្នាំ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២៖ ឈ្មោះ ផុន សុធារាជ អាយុ១៤ឆ្នាំ រស់សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី៣៖ ឈ្មោះ វុទ្ធ លីហេង អាយុ១៥ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ៕