(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបង្ក្រាបក្រុមចោរប្លន់ កាប់យកម៉ូតូ៤នាក់ ដែលបានធ្វើសកម្មភាព នៅចំណុចមណ្ឌលកំសាន្តបឹងបៃតង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ និងដកហូតបានម៉ូតូរបស់ជនរងគ្រោះ១គ្រឿងផងដែរ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្រោយមានសភាពការណ៍កើតឡើង កម្លាំងការិយាល័យ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅចំណុចម្តុំកន្លែងប៉ះកង់ ក្បែរផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជនសង្ស័យទី១៖ ឈ្មោះ ហាប ម៉េងហុង អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ សុខ ពេជ្រ អាយុ១៩ឆ្នាំ និងទី៣៖ ឈ្មោះ ម៉ៅ ប៊ុនធឿន អាយុ១៧ឆ្នាំ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយការិយាល័យ បានបន្ថែមថា ក្រោយពីមានចម្លើយសារភាព នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងការិយាល័យបន្ដឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ សេង គឹមសុង អាយុ១៦ឆ្នាំ។
បើតាមលោក ប៊ុន សត្យា ក្រោយឃាត់ខ្លួនកម្លាំងជំនាញរបស់លោក ដកហូតបានម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CW-3150 ហើយបានប្រគល់ជូនជនរងគ្រោះដែលមានម្ចាស់ម៉ូតូ ឈ្មោះ ផុន ឡុង ភេទប្រុស។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវីធី៕