(បាត់ដំបង)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ និងជូនពរ ដល់អង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្ត បាននឹងកំពុងសហការជាមួយអាជ្ញាធរខេត្តបាត់ដំបងកន្លងមក ក៏ដូចជាទៅថ្ងៃអនាគត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៧នេះ សូមថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទអង្គការទាំងអស់ បានទទួលនូវសុខភាពល្អ បវរប្រសើរ ដើម្បីបំពេញការងារនៅក្នុងឆ្នាំថ្មី ឆ្នាំសកល២០១៧ ឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន ឆ្ពោះទៅរកវឌ្ឍនៈភាពសង្គម ពិសេសសម្រាប់ខេត្តបាត់ដំបងយើងបច្ចុប្បន្ន។
ចំណែកអង្គការជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ នៅក្នុងខេត្តបាត់ដំបង ក៏បានជូនពរដល់ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងវិញដែរ ដែលបានយកចិត្តទុកដាក់ជូនពរដល់អង្គការយើងខ្ញុំទាំងអស់ ដែលបាននឹងកំពុងធ្វើសកម្មភាពរបស់ខ្លួនក្នុងខេត្ត ដោយកន្លងមកមិនដែលមានថ្នាក់ដឹកនាំណា យកចិត្តទុកដាក់ និងបានបញ្ចេញកាយវិការដ៏មានតម្លៃខ្ពង់ខ្ពស់ ស្និទ្ធស្នាលបំផុតជាប្រវត្តិសាស្រ្តមិនដែលមានពីមុនមក។
ក្នុងនោះដែរអង្គការជាតិ និងអន្តរជាតិទាំងអស់ បានកោតសរសើរដល់ លោក ច័ន្ទ សុផល ទៀតថា អង្គការរបស់ពួកលោកធ្លាប់បានដើរធ្វើសកម្មភាពការងារ នៅតាមបណ្តាប្រទេសនានាលើពិភពលោក ដោយឡែកក្នុងប្រទេសកម្ពុជា ពិសេសខេត្តបាត់ដំបង ដោយមិនដែលទទួលមានភាពកក់ក្តៅស្និទ្ធស្នាល ដូចខេត្តបាត់ដំបងនោះឡើយ ដោយលោក ច័ន្ទ សុផល បានលើកទឹកចិត្តដល់អង្គការយើងខ្ញុំ ព្រមទាំងមានជូនបាច់ផ្កាជាអនុស្សាវរីយ៍ និងជានិមិត្តរូបមួយពិសេសបំផុត ឆ្លុះបញ្ចាំងឲ្យឃើញថា នេះបានសមជាថ្នាក់ដឹកនាំល្អ មិនគោរពមិនសរសើរ គឺមិនបានឡើយ។
ក្នុងឱកាសនេះដែរ អង្គការយើងខ្ញុំទាំងអស់គ្នាក្នុងខេត្ត សូមប្រសិទ្ធពរជ័យដល់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ បានទទួលនូវសុខភាពល្អ ដើម្បីជោគជ័យក្នុងការបំពេញការងារបម្រើជាតិ និងប្រជាជន មានការរីកចម្រើនលើគ្រប់វិស័យក្នុងខេត្ត និងពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ៕