Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ឆ្លៀតពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីសក្ការៈមកខេត្តព្រះសីហនុ ថ្ងៃនេះ ខ្ញុំបានចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពរតាមសាលារៀនជាច្រើន»

31-12-2016 10:57

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសដែលសម្តេចដង្ហែព្រះមហាក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងមកខេត្តព្រះសីហនុនោះ សម្តេចតេជោ បានឆ្លៀតពេលវេលា ចុះសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនកន្លែង ដើម្បីដោះស្រាយសំណូមពរ នៅនឹងកន្លែងសិក្សា ដែលរួមមានការផ្តល់អគារសិក្សាសម្រាប់សិស្សផងដែរ។។

លើសពីនេះទៅទៀតនោះ បន្ទាប់ពីបញ្ចប់ការចុះសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតពេលអញ្ជើញទៅតំបន់ឆ្នេរ ដែលជាតារារះនៅទិសនិរតី និងបានថតរូបជាមួយសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងចៅ ប្រកបដោយក្តីសប្បាយរីករាយផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ឆ្លៀតពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីសក្ការៈ មកខេត្តព្រះសីហនុ។ ថ្ងៃនេះខ្ញុំបានឆ្លៀតទៅសួរសុខទុក្ខលោកគ្រូ សិស្សានុសិស្សដើម្បីដោះស្រាយសំណូមពរ នៅហ្នឹងកន្លែងទាក់ទងនឹងការសិក្សា។ សល់ពេលបន្តិចមិនភ្លេចឆ្នេរ សមុទ្រដែលជាតារារះនៅទិសនិរតី»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់តាំងពីព្រឹក រហូតដល់ពេលរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ បានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងតាមព្រះទីនាំងរថភ្លើង ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដើម្បីចូលឆ្នាំថ្មី ឆ្នាំសកលនៅទីនោះ៕