(ភ្នំពេញ)៖ ដើម្បីឆ្លើយតបតម្រូវការផ្នែកធនធានមនុស្សបំពេញការងារបម្រើប្រជាពលរដ្ឋ និងដឹកនាំការងាររដ្ឋបាលនៅតាមអង្គភាពនីមួយៗប្រកបដោយប្រសិទ្ធិភាពខ្ពស់ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកបណ្តុះបណ្តាលមន្ត្រីនគបាលកម្ពុជាចំនួន ១៥០នាក់។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល និងជំនាញគ្រប់គ្រងធនធានមនុស្ស នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នាបណ្ឌិត្យសភានគរបាលកម្ពុជា នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគបាលកម្ពុជា បានថ្លែងថា មន្ត្រីនគរ បាលទទួលបានការបណ្តុះបណ្តាលជំនាញកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាលអំពីតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ វិន័យកងកម្លាំង លក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ និងយុទ្ធវិធីកងម្លាំងនគរបាលជាដើម។
នាយឧត្តមសេនីយ៍ បន្តថា ក្រៅពីទទួលបានចំណេះជំនាញ មន្ត្រីនគបាលទាំងអស់ ក៏ទទួលបានការអប់រំពីក្រមសិលធម៌ អាកប្បកិរិយា សម្រាប់ទំនាក់ទំនងក្នុងសង្គម និងចំណេះដឹងថ្មីៗជាច្រើនផងដែរ។ នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ការបណ្តុះបណ្តាលនេះ គឺដើម្បីធានាបាននូវគុណភាពធនធានមនុស្ស ស្របតាមការចង់បានរបស់អង្គភាពសាមី និងឆ្លើយតបគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។
លោក សេង ផល្លី បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ក៏ដើម្បីស្របតាមផែនការយុទ្ធសាស្រ្តក្រសួងមហាផ្ទៃ ដែលបង្កើនការគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើការងារជាយុទ្ធសាស្រ្តសំខាន់ៗ ដូចជា៖ ការដឹកនាំ ការគ្រប់គ្រង, ការងារអភិ វឌ្ឍន៍ធនធានមនុស្ស ដែលឆ្លើយតបតម្រូវការអង្គភាពប្រើប្រាស់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។
លោក សឿង សារឿន នាយកប្រតិបត្តិ នៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានឲ្យដឹងដែរថា ក្រៅតែពីរៀនជំនាញខាងលើនេះ នគរបាលកម្ពុជា គួរត្រូវបានបណ្តុះបណ្តាលបន្ថែមទៀតនូវក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី, ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីជាដើម ដើម្បីឲ្យពួកគាត់អនុវត្តន៍ការងារបានកាន់តែមានប្រសិទ្ធិភាព។
លោក បន្តថា ការងារអភិបាលកិច្ចល្អ ក៏គួរត្រូវបានបណ្តុះបណ្តលជូននគរបាលកម្ពុជា ផងដែរដើម្បីឲ្យពួកគាត់អាចស្វែងយល់អំពីការងារមួយនេះឲ្យបានស៊ីជម្រៅ និងអនុវត្តន៍មានប្រសិទ្ធិភាពដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា៕