(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យ៉ុង យីម អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះសហគមន៍ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកបានបញ្ជាក់ថា ជនសង្ស័យបានអូសដៃក្មេងស្រីចូលបន្ទប់ទឹក ហើយស្ទាបអង្អែល ប៉ងចាប់រំលោភតែមិនបានសម្រេច រហូតគ្រួសារក្មេងស្រីរងគ្រោះប្តឹងទៅនគរបាល ចុះស្រាវជ្រាវចាប់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លូនសង្ស័យត្រូវបានបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ និងចាត់ការបន្ដ៕