(មូស្គូ)៖ ការសម្រេចចិត្តរបស់លោក បារ៉ាក់ អូបាម៉ា ក្នុងការបណ្តេញមន្រ្តីទូតរុស្ស៉ីចំនួន៣៥នាក់ ចេញពីទឹកដីសហរដ្ឋអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅ របស់ជនជាតិរុស្ស៉ីដល់ទៅ៩៦នាក់ ដែលចំនួននេះរួមបញ្ចូលទាំងក្រុមមន្រ្តីទូតផ្ទាល់ និងសមាជិកគ្រួសាររបស់ពួកគេ ហើយក្នុងចំណោមនោះមានទាំងក្មេងៗ សិស្សសាលាមត្តេយ្យថែមទៀតផង។
នេះបើតាមលោក Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសរុស្ស៉ី ដែលចេញផ្សាយដោយសារព័ត៌មាន
Russia Today នៅយប់ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
វិមានក្រឹមឡាំងបានបញ្ជូនយន្តហោះរដ្ឋាភិបាលចំនួនមួយគ្រឿង ទៅកាន់អាមេរិក ដើម្បីដឹកនាំយកជនជាតិរុស្ស៉ី ដែលត្រូវ រដ្ឋាភិបាលប្រទេស មហាអំណាចមួយនោះ បណ្តេញចេញប្រទេសមកមាតុភូមិវិញ ពីព្រោះថាពួកគេបានប្រាប់ថា ការទិញសំបុត្រក្នុងពេលបន្ទាន់បែបនេះ គឺជារឿងបញ្ហា។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ តាមរយៈការបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ក៏ដូចជាបិទបេសកកម្មការទូតរុស្ស៊ីចំនួនពីរកន្លែងនៅក្នុងញូវយ៉ក និងរដ្ឋម៉ារីលែន ដើម្បីជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការ បោះឆ្នោតជ្រើសរើសប្រធានាធិបអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅ ខណៈប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថានឹងមិនធ្វើដូចទីក្រុងវ៉ាស៊ីនតោន ដោយបណ្តេញមន្រ្តីទូតអាមេរិកចេញពីរុស្ស៉ីវិញ ដើម្បីធ្វើជាការសងសឹក នោះឡើយ៕