(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការលុបបំណុលរបស់អាមេរិក ចំពោះប្រទេសកម្ពុជា គឺជាការផ្សះផ្សា និងការពារព្យាបាល ដល់ទំនាក់ទំនងល្អ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បានអំពាវនាវឱ្យ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកដែលនឹងចូលកាន់តំណែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ពិចារណាលើការលុបបំណុលដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យ សាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល។
សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេស កម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើត សង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុលសម្រាប់សង ដល់វិនាសកម្មនេះ។
ខាងក្រោមនេះជាទស្សនៈរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ហានេះ៖
«ចំពោះកិច្ចសម្បទានបំណុលអតីតកាលរបស់សហរដ្ឋអាមេរិក ដែលបានចំណាយ នៅក្នុងរបប លន់ នល់ ដែលសកលលោកទាំងមូលយល់ឃើញថា ជាការរួមចំណែកទទួលខុសត្រូវរបស់ វ៉ាស៊ីនតោន ក្នុងការអូសទាញ កម្ពុជាអោយធ្លាក់ ក្នុងវិនាសកម្ម នៃសង្រ្គាមឥណ្ឌូចិន ក្នុងការអនុវត្តនយោបាយការបរទេស របស់សហរដ្ឋអាមេរិក» ។
រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសជាសាធារណៈជូនចំពោះរដ្ឋាភិបាលវ៉ាស៊ីនតោន ដែលនឹងនៅក្រោមមគ្គទេសភាពលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាអ្នកនយោបាយអាមេរិកាំង ចូលរួមសហការជាមួយគ្នា ក្នុងការលុបបំណុល នៃសម័យកាលធ្វើសង្រ្គាម ពីឆ្នាំ ១៩៧០-១៩៧៥ គឺដើម្បីផលប្រយោជន៍មិត្តភាព និងទំនាក់ទំនងល្អ ជាមួយកិច្ចសហការដ៏ជិតស្និតរបស់កម្ពុជា-អាមេរិក គឺមិនមែនជាផលប្រយោជន៍របស់ គណបក្សនយោបាយណាមួយ ទោះជានៅក្នុងកម្ពុជាក៏ដូចជាបរទេស។
សហរដ្ឋអាមេរិក បានចូលរួមចំណែកជាមួយ និងកម្ពុជា ក្នុងដំណើរការវិនិច្ឆ័យក្តីរបបខ្មែរក្រហម ដែលជាមូលដ្ឋានគ្រឹះនៃការ ចូលរួមបិទទំព័រប្រវត្តិសាស្រ្តដ៏ជូរចត់ និងខ្មៅងងឹតរបស់កម្ពុជា រួមជាមួយនិងកិច្ចផ្សះផ្សាជាតិ និងព្យាបាលនូវអ្វីដែល ប្រជាពលរដ្ឋខ្មែរ ទទួលរងគ្រោះពីអំពើសោដនាកម្មទាំងនេះ។
បំណុលជាឈាម និងជីវិតរួមជាមួយនឹងធនធានរបស់ខ្មែរទាំងមូលត្រូវបានបូជា នៅក្នុងរយៈពេលសង្រ្គាម ពីឆ្នាំ១៩៧០-១៩៧៥ នោះគឺមានសភាពធំធេងណាស់ ដែលខ្មែរគ្រប់និន្នាការក៏ដូចជាអ្នកប្រវត្តិវិទូទទួលស្គាល់ និងបានចងក្រងជាឯកសារ សម្រាប់ការយល់ដឹង។
បំណុលដ៏ធំធេងរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយការបរទេសសហរដ្ឋអាមេរិក នៅទស្សវត្ស៧០រវាងកម្ពុជា និងសហរដ្ឋអាមរិក វាមិនត្រឹមតែរងនូវការបំផ្លាញ នៃហេតុផលសង្រ្គាមនោះទេ ក៏ប៉ុន្តែបំណុលជាសុបិន្តអាក្រក់របស់កម្ពុជា នេះក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរ ក៏ដូចជាឧបសគ្គរាំងស្ទះ នៃបន្ទុកក្នុងការអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នដែលកំពុងដើរចេញពីផេះផង់ របស់សង្រ្គាមនោះដែរ។
ជាក់ស្តែងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្តេចពិបាក និងពន្យល់ដល់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ជាពិសេសយុវជនជំនាន់នេះ ដែលឪពុកម្តាយគេជាអ្នករងគ្រោះ ដោយសារសង្រ្គាមនោះ អំពីអ្វីជាហេតុផល និងទទ្ប្ហីករណ៍ នៃការសងបំណុលនេះណាស់។
ខ្លួនខ្ញុំផ្ទាល់ ខ្ញុំជឿជាក់ថា យើង កម្ពុជា-សហរដ្ឋអាមេរិកមានទិសដៅដូចគ្នា ក្នុងការពង្រឹង សហប្រតិបត្តិការណ៍ដ៏ជិតស្និត និងទំនាក់ទំនងល្អគោរពផលប្រយោជន៍គ្នាទៅវិញទៅមកទាំងក្នុងពេលបច្ចុប្បន្នក៏ ដូចជាអនាគតកាលគឺរួមគ្នាក្នុងការ បណ្តុះនូវភាពវិជ្ជមានរឹងមាំរវាងប្រជាជនទាំងពីររួមទាំងការផ្សះផ្សាព្យាបាលនូវ ភាពអវិជ្ជមាន នៃអតីតកាលផងដែរ។
ការលុបបំបាត់ ឬសម្បទានបំណុល នៃនយោបាយអតីតកាលរបស់សហរដ្ឋអាមេរិកកម្ពុជា គឺជាសារមួយ ដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្រ្ត នៃការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយកម្ពុជា ដែលជារូបភាពជាក់ស្តែង នៃនិមិត្តរូបរួមគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលជាសេចក្តីត្រូវការរបស់កម្ពុជាក៏ដូចជាប្រជាពលរដ្ឋអាមេរិកាំង ប្រាថ្នាចង់បានផងដែរ»៕