(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការយាងចូលព្រះទិវង្គត សម្តេច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ។
ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះលោកស្រី អនុប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់សារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យព្រះវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស បានយាងទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។
ការយាងចូលព្រះទិវង្គតរបស់ សម្តេច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស គឺជាការបាត់បង់ រាជវង្សខ្មែរមួយព្រះអង្គ ដែលទ្រង់មាន ឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ អស់មួយព្រះជន្ម និងក៏ដូចជាការបាត់បង់ ឧត្តមស្វាមី បិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់៕