(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន២៥រូប បានបញ្ជូនសំណុំឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៧ ជូនអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួចរាល់ហើយ នេះបើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី៣០ ខែធ្នូនេះ។
តាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលចេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា «នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ គ.ជ.ប បានបញ្ជូននូវសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងរបប ២ឆ្នាំ ឆ្នាំ២០១៧ ចំនួន២៥នាក់ ទៅអង្គភាពប្រឆាំងអំពើពុករលួយហើយ»។
សូមជម្រាបថា កាលពីថ្ងៃ០៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសប្រាប់ដល់មន្ត្រីជាប់កាតព្វ កិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមទាំងប្រធានក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ ប្រចាំនៅគ្រប់ក្រសួង-ស្ថាប័ន និងរាជធានីខេត្តទាំងអស់ ត្រៀមខ្លួនទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលត្រូវធ្វើឡើងរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃបុណ្យ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច រយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១-៣១ ខែមករា ឆ្នាំ២០១៧៕