(សៀមរាប)៖ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក បានចុះយកលិខិតអនុញ្ញាតជួសជុលផ្លូវក្រាល គ្រួសក្រហមចំនួន៣ខ្សែ មានប្រវែងសរុប១៤០០០ម៉ែត្រ ទៅប្រគល់ជូនសាលាឃុំដូនកែវ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋផងដែរ។ ពិធីប្រគល់ជូននេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
នៅក្នុងឱកាសនោះ លោក ជ្រុន សុផល ប្រធានលេខាធិការដ្ឋានសហគមន៍ បានសំណេះសំណាលជាមួយលោកមេឃុំ លោកមេភូមិ លោកអនុភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួម ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ របស់អាជ្ញាធរជាតិអប្សរា ដល់បងប្អូនទាំងអស់ក្នុងឃុំដូនកែវ ក៏ដូចជាប្រជាពលរដ្ឋ ទាំង១១២ភូមិ ក្នុងឧទ្យានអង្គរផងដែរ។
លោក ជ្រុន សុផល បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងប្រកាន់ភ្ជាប់នូវគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បី អភិរក្សគឺធ្វើយ៉ាងណាឲ្យការអភិរក្សដើរទន្ទឹមគ្នា នឹងការអភិវឌ្ឍហើយការអភិវឌ្ឍក៏ត្រូវដើរទន្ទឹមគ្នានឹងការអភិរក្សដែរ។ អាជ្ញាធរជាតិអប្សរា មិនអាចគិតតែពីការងារអភិរក្សប្រាង្គប្រាសាទ ហើយភេ្លចការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់អង្គរនោះទេ ។
លោក ស្វាយ ហុង មេឃុំដូនកែវតំណាងប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេស បណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋនិងសូមជូនពរឲ្យឯកឧត្តមមន្ត្រីបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងសម្រេចជោគជ័យ គ្រប់ភារកិច្ច។
សូមបញ្ជាក់ថា ក្នុងការចុះទៅប្រគល់លិខិតអនុញ្ញាតជួសជុលផ្លូវនេះ ក្រុមការងារក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកព្រមទាំងថវិកាមួយចំនួនទៀត ចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួច ចំនួន៩គ្រួសារដែលជាអំណោយដ៏ថ្លៃថ្លារបស់បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និង លោកជំទាវផងដែរ៕