(ព្រះសីហនុ)៖ ក្នុងព្រះរាជឱង្ការ ពេលយាងទៅដល់ស្ថានីយរាជាយស្ម័យយាន នៅក្នុងខេត្តព្រះសីហនុនោះ នៅវេលាម៉ោងប្រមាណ ៤៖៥០នាទី រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យរីករាយខ្លាំង ដែលបានជួបដោយផ្ទាល់ជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ។
ព្រះមហាក្សត្រខ្មែរ ក៏បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តទាំងអស់ ដែលបាននិមន្ត និងអញ្ជើញមកទទួលព្រះរាជដំណើររបស់ព្រះអង្គ។
អង្គព្រះមហាក្សត្រខ្មែរ ក៏បានប្រគេន និងជូនពរ ដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរបស់ព្រះអង្គទាំងអស់ បានជួបតែសេចក្តីសេចក្តីចម្រើន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បាននិងកំពុងយាងទៅកាន់ខេត្តព្រះសីហនុ ព្រះអង្គទាំងទ្វេនឹងយាងត្រឡប់មករាជធានីភ្នំពេញវិញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧៕