(ពោធិ៍សាត់)៖ អ្នកសារព័ត៌មានចំនួន៣នាក់ នៅអង្គភាព៣ផ្សេងគ្នា ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កែវ សុងហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន MDS ដែលបានប្តឹងជនសង្ស័យទាំង៣នាក់ ពីបទកំហែងយក។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមបទបញ្ជា ពីមេបញ្ជាការអាវុធហត្ថខេត្ត និងដោយបានការសម្របសម្រួលពី លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
មន្រ្តីអាវុធហត្ថខេត្ត បានឲ្យដឹងថា អ្នកសារព័ត៌មានទាំង ៣នាក់ ដែលត្រូវជនរងគ្រោះ ប្តឹងពីបទកំហែងយកនោះ មានទី១៖ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់ថ្មី ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តកំពង់ចាម មកពីអង្គភាពសារព័ត៌មាន «ការពិត», ទី២៖ឈ្មោះ ស៊ិន សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកអង្គស្នួល ខេត្តកណ្តាល មកពីអង្គភាពសារព័ត៌មាន «MSJ TV» និងទី៣៖ឈ្មោះ សួស ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស់ ខេត្តតាកែវ មកពីអង្គភាពសារព័ត៌មាន «CPN TV»។
ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថ ដកហូតបានទូរស័ព្ទដៃ ៥គ្រឿង, លុយដុល្លារ ៣២០ដុល្លារ, លុយខ្មែរ ៣៨,០០០រៀល, ខ្សែកលោហះពណ៌លៀង ១ខ្សែ, កាមេរ៉ាម៉ាក SONY ១គ្រឿង, រថយន្តម៉ាកCamry ស៊េរីឆ្នាំ១៩៩១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ច-7880-ភព២ ដោយឡែកក្នុងរថយន្តពុំទាន់បានឆែកឆេរនោះទេ រងចាំការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តជាមុនសិន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង រក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕