(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្រ្តីក្រសួងធម្មការ និងលោក សរ សុពុទ្ធត្រា អភិបាលរងខេត្ត នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះផ្សព្វផ្សាយប្រកាសនីយបត្រតែងតាំងមន្រ្តីសង្ឃ ដល់ព្រះចៅអធិការវត្តទូទាំងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីព្រះមេគណខេត្តកំពង់ស្ពឺ ព្រះអនុគណ និងព្រះចៅអធិការ ដែលបាននិមន្តមកពីបណ្តាក្រុង-ស្រុក នៃខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោក សរ សុពុទ្ធត្រា អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានផ្សព្វផ្សាយ ប្រកាសប្រកាសនីយបត្រជូនដល់មន្រ្តីសង្ឃ ព្រះមេគុណ ព្រអនុគណ និងព្រះចៅអធិការតាមវត្តជាច្រើនព្រះអង្គ។
លោក នរ រតនៈវឌ្ឍនោ បានឲ្យដឹងថា ដោយមានការស្នើសុំពីមន្ទីរធម្មការខេត្តកំពង់ស្ពឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ បានត្រាស់បង្គាប់នូវប្រកាសនីយបត្រ ជូនមន្ត្រីសង្ឃជាច្រើនព្រះអង្គក្នុងខេត្តកំពង់ស្ពឺ។
លោក សរ សុពុទ្ធត្រា បានបន្តថា ការផ្សព្វផ្សាយប្រកាសនីយបត្រ នាថ្ងៃនេះ គឺដើម្បីពិភាក្សារៀបចំនៅពិធីទទួល នូវប្រកាសនីយបត្រទាំងអស់ក្នុងខេត្ត ដែលគ្រោងនិមន្តព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ចូលរួមក្នុងពិធីខាងលើ។
ចំពោះបញ្ហាកំហុសឆ្គងរបស់ព្រះសង្ឃវិញ លោក នរ រតនៈវឌ្ឍនោ បានឲ្យដឹងថា «មានព្រះសង្ឃមួយចំនួន ដែលកំពុងជាប់ពាក់ព័ន្ធយ៉ាងខ្លាំង ចំពោះគ្រឿងញៀន ហើយមានវត្តអារាមខ្លះ ជាទីកន្លែងក្រុមសេពគ្រឿងញៀនផងដែរ។ កាលពីពេលកន្លងទៅ ក្រុមការងារបានឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនបានព្រះសង្ឃចំនួន ៥អង្គ ដែលកំពុងសេពគ្រឿងញៀន»។
លោកអភិបាលរងខេត្ត សរ ពុទ្ធត្រា ក៏បានបញ្ជាក់ថា «ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ឲ្យតែប្រព្រឹត្តផ្ទុយពីច្បាប់ ត្រូវទទួលទោសព្រហ្មទណ្ឌដូចគ្នា ហើយតាមទីអារាម បើសង្ស័យមានសកម្មភាពប្រើប្រាស់គ្រឿងញៀនក្នុងវត្ត ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ កុំឲ្យខូចដល់វិស័យសាសនា ជាពិសេសចូលរួមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ អំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេសទាំងអស់គ្នា»៕