(បាត់ដំបង)៖ បុរសពីរនាក់បងប្អូនបង្កើតនាំគ្នាផឹកស៊ី ហើយបានទាស់សម្តីគ្នាបន្តិចបន្តួចសោះ សម្រេចចិត្តទៅចង-ក សម្លាប់ខ្លួន នឹងដើមពុទ្រាចម្ងាយពីផ្ទះ១៥០ម៉ែត្រ ហើយត្រូវបានគេប្រទះឃើញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី៧ ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃម្សិលមិញ ពួកគេទាំង២នាក់បានផឹកស៊ីជាមួយគ្នា រហូតដល់ទាស់សម្តីជជែកគ្នាយ៉ាងខ្លាំងផ្អើលអ្នកផ្ទះទាំងយប់ ហើយក៏នាំគ្នាឈប់ផឹកទៅដេករៀងខ្លួនបាត់ទៅ។ លុះព្រឹកឡើងស្រាប់តែក្រុមគ្រួសារដើរទៅ ស្រាប់តែប្រទះឃើញមនុស្សស្លាប់បាត់ទៅហើយ ក៏មានការផ្អើលឆោឡោ រួចប្តឹងសមត្ថកិច្ចឲ្យមកត្រួតពិនិត្យ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មាន បានចុះមកកន្លែងកើតហេតុភ្លាម ដើម្បីធ្វើកោសលវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយពុំមានករណីឃាតកម្មអ្វីឡើយ។ សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ លាង ចន្ថា ហៅវ៉ិត អាយុ២១ឆ្នាំ មុខរបរជាងថតរូប។
ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕