(ភ្នំពេញ)៖ ព្រះទីនាំងរថភ្លើងរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានមកដល់ ស្ថានីយ៍រថភ្លើងរបស់ខេត្តព្រះសីហនុ ជាគោលដៅចុងក្រោយ ដោយសុវត្ថិភាព នៅមុននេះបន្តិច នាវេលាម៉ោង១៦៖៥០នាទីរសៀល ថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។
ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានមកដល់ពីស្ថានីយ៍រថភ្លើងរបស់ខេត្តព្រះសីហនុនាពេលនេះ ក្រោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងទត និងសួរសុខទុក្ខ ដល់មន្រ្តីអ្នកមុខអ្នកការប្រចាំខេត្តតាកែវ និងខេត្តកំពត និង ប្រជានុរាស្រ្ត យ៉ាងច្រើនកុះករដែលបានឈររង់ចាំ ដំណើរយាងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅថ្ងៃដដែលនេះ។
ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានចាកចេញពីស្ថានីយ៍រថភ្លើងនៅភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ តាំងពីម៉ោងប្រមាណជា៧៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ ដូចការគ្រោងទុក ព្រះទីនាំងរថភ្លើងរបស់ព្រះអង្គទាំងទ្វេ បានឈប់ចតជាបណ្តើរៗ នៅស្ថានីយ៍ចំនួន៣កន្លែង, ទី១៖ស្ថានីយ៍រថភ្លើងនៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើងនៅខេត្តកំពត ហើយសម្រាប់គោលដៅទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។
ការយាងតាមរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ព្រមទាំងមន្រ្តីជាន់ខ្ពស់ របស់កម្ពុជាមួយចំនួនទៀត។
គួរបញ្ជាក់ថា នៅក្នុងដំណើរនេះ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារ ព្រះរាជដំណើរ របស់ព្រះមហាក្សត្រ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ៕