(បន្ទាយមានជ័យ)៖ លោក គោស៊ុំ សារឿត អនុប្រធានក្រុមការងារថ្នាក់ជាតិ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បន្ដចុះជួបពិនិត្យ និងដោះស្រាយ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
ការថ្លែងបែបនេះ របស់លោក គោស៊ុំ សារឿត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីបូកសរុបសន្និបាត បូកសរុបលទ្ធផលដឹកនាំការអនុវត្តកម្មវិធីនយោបាយរបស់ គណបក្សក្នុងការអភិវឌ្ឍន៍ឃុំរយៈពេល៥ឆ្នាំ (២០១២-២០១៧) និងទិសដៅបន្តឆ្នាំ២០១៧-២០២២។
លោក គោស៊ុំ សារឿត បានក្រើនរំលឹក និងដាស់តឿនដល់អាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ បន្តចុះជួបជាមួយប្រជាពលរដ្ឋ និងពិនិត្យដោះស្រាយ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ រួមមាន បញ្ហាខ្វះទឹកខ្វះផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត និងដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋ មានបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងសន្តិសុខ សុវត្ថិភាព ស្ថេរភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាននានា។
លោកថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយល្អ មានថ្នាក់ដឹកល្អ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ បានបញ្ចប់សង្រ្គាមរាំរ៉ៃ ក្រោមគោលនយោបាយឈ្នះឈ្នះ ធ្វើប្រទេសជាតិមានសុខ សន្តិភាពនិង មានការអភិវឌ្ឍន៍ ដូច្នេះហើយទាំងអស់គ្នាត្រូវតែចូលរួមចំណែក ក្នុងការថែរក្សាការពារនូវ សុខសន្តិភាព និងស្ថេរភាព នយោបាយល្អនេះជាមួយរដ្ឋអំណាច។
នាឱកាសនោះដែរលោក គោស៊ុំ សារឿត បានធ្វើការណែនាំ អប់រំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាចូលរួមអនុវត្តន៍នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យសេចក្តីសុខ សប្បាយក្សេមក្សាន្តក្នុងសង្គមជាតិ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមពិនិត្យឈ្មោះបោះឆ្នោតថ្មី ដើម្បីផ្ទៀងផ្ទាត់ និងសុំកែតម្រូវ ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕