(ភ្នំពេញ)៖ ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាប្ដីបានដាក់ថ្នាំកណ្តុរ ក្នុងម្ហូបអាហារឱ្យប្រពន្ធហូប ក្នុងគោលបំណងសម្លាប់ប្រពន្ធទាំងមានផ្ទៃពោះ៧ខែ តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល និងបានដឹកស្រ្តីជាប្រពន្ធមកសង្រ្គោះមកមន្ទីពេទ្យឯកជន «ឡាំ ប៊ុនថន»។
ការប៉ងសម្លាប់ប្រពន្ធរបស់ខ្លួនខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២៖០៦នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជួលជនរងគ្រោះ ភូមិត្រពាំក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាមៗលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជូនស្រ្តី ជាប្រពន្ធទៅសង្រ្គោះបន្តនៅមន្ទីពេទ្យព្រះកុសមៈ និងឃាត់ខ្លួនបុរសជាប្តីមកសួរមូលហេតុផងដែរ។
មន្រ្តីនគរបាល បានឱ្យដឹងថា ស្រ្តីរងគ្រោះ ជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល និងស្នាក់នៅកន្លែងកើតហេតុខាងលើ ចំណែកបុរសជាប្តីឈ្មោះទូច សំអឿន អាយុ២២ឆ្នាំ។
បច្ចុប្បន្ននេះ ស្រ្តីរងគ្រោះខាងលើ កំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅក្នុងមន្ទីពេទ្យព្រះកុសមៈ ៕