(កំពត)៖ កម្លាំងនគបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុង០៣ករណីផ្សេងគ្នា កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៦ នៅស្រុកបន្ទាយមាស និងស្រុកដងទង់។
មន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ករណីទី១ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៩៖១៥នាទីព្រឹក កម្លាំងនគរបាល បានបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀននៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ហាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងដកហូតបានថ្នាំញៀន ចំនួន០១កញ្ចប់ធំ ។
ករណីទី២ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១១៖៣០នាទីព្រឹក កម្លាំងបង្ក្រាបបានករណីមុខសញ្ញាចែកចាយគ្រឿងញៀន នៅចំណុចលោកយាយម៉ៅ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដោយឃាត់ខ្លួនបាន ជនសង្ស័យ ចំនួន០២នាក់ រួមមាន៖ទី១.ឈ្មោះ រីម ម៉ាលីគី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ និង ២.ឈ្មោះ សៀត ឆ្មាអែល ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា និងដកហូតបានថ្នាំញៀន ចំនួន០២កញ្ចប់(ធំ០១កញ្ចប់ និងតូច០១កញ្ចប់) ។
ករណីទី៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៤៖៣០នាទីរសៀល កម្លាំងបង្ក្រាបបានករណីមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិស្នោរតូច ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដោយឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០២នាក់ រួមមាន៖ ១.ឈ្មោះ យ៉េន ណែត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និង ២.ឈ្មោះ នូច ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងដកហូតបានថ្នាំញៀន ចំនួន០២កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង០៣ករណី កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕