(ភ្នំពេញ)៖ នាវេលាម៉ោង១៖៣១នាទីរសៀលថ្ងៃសុក្រនេះ ព្រះទីនាំងរថភ្លើងរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានចាកចេញពីស្ថានីយ៍រថភ្លើងរបស់ខេត្តកំពតហើយ ដើម្បីបន្តដំណើរឆ្ពោះទៅគោលដៅចុងក្រោយ ពោលគឺនៅស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុទៀត។
ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានចាកចេញពីស្ថានីយ៍រថភ្លើងរបស់ខេត្តាកំពត ក្រោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងទត និងសួរសុខទុក្ខ ដល់មន្រ្តីអ្នកមុខអ្នការប្រចាំខេត្តតាកែវ និងខេត្តកំពត និងប្រជានុរាស្រ្ត យ៉ាងច្រើន កុះករ ដែលបានឈររង់ចាំដំណើរយាងរបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែ។
ខណៈព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គយាងទតប្រជានុរាស្រ្តនាពេលនេះ ក៏មានវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីរាជការអមដំណើរជាច្រើនរូបទៀតចុះសួរ សុខទុក្ខ ប្រជាពលរដ្ឋខេត្តតាកែវ។
នៅក្នុងឱកាសនោះ សង្កេតឃើញថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទេ្វ បានបង្ហាញពីភាពសិទ្នស្នាល ជាមួយ ប្រជានុរាស្រ្តគ្រប់គ្នា ក្នុងនោះព្រះអង្គទាំងទេ្វ ក៏បានបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅជូនដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ។
បន្ថែមពីលើនេះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបណ្តូលមួយចំនួន ទៅកាន់ប្រជានុរាស្រ្តរបស់ព្រះអង្គ ប្រមាណជា៣នាទី។
ការយាងតាមរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន។
គួរបញ្ជាក់ នៅក្នុងដំណើរនេះ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារ ព្រះរាជដំណើរ របស់ព្រះមហាក្សត្រ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ៕