(ញូដេលី)៖ អណ្តូងរ៉ែមួយស្ថិតនៅក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា បានបាក់ស្រុតបណ្តាលឲ្យកម្មករ ៣៥នាក់រងរបួស និងជាង ៦០នាក់ផ្សេងទៀតត្រូវបានគេសង្ស័យថាកំពុងជាប់ខ្លួនក្នុងអណ្តូងដ៏ធំនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ហេតុការណ៍បាក់អណ្តូងរ៉ែត្រូវបានគេរាយការណ៍តាំងពីយប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះ ហើយឈានចូលមកដល់ព្រឹកថ្ងៃសុក្រ នេះប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។ អណ្តូងរ៉ែដែលស្ថិតនៅក្នុងស្រុក Godda ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rajmahal Open Cast Mines ហើយក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបានបញ្ជូនគ្រឿងចក្រប្រមាណ ៤០គ្រឿងទៅធ្វើការជីកគាស់ក្នុងន័យសង្គ្រោះកម្មករផ្សេងៗទៀតដែលជាប់ក្នុងអណ្តូង ប៉ុន្តែគេនៅពុំទាន់ទទួលបានព័ត៌មានណាមួយ ថាមានមនុស្សស្លាប់នោះឡើយ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕