(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-សហការី នៃកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំអាហារ ជាលើកទី៥ ជូនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងមណ្ឌលមែកឈើ នៃសមាគមជនឥតទីពឹង សរុបចំនួន៧៣៣នាក់ នៅក្នុងបរិវេណ អង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបុគ្គលិក លោកគ្រូ-អ្នកគ្រូ ចាស់ៗ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក និងបុគ្គលិកអង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា ចាស់ជរា និងគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ឱ្យមានជម្រកស្នាក់នៅដ៏កក់ក្តៅ អាហារហូបចុក សំលៀកបំពាក់ ការមើលថែ និងផ្តល់ការអប់រំដល់កុមាររហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ។
លោកស្រីបន្ដថា «ដូច្នេះក្មួយៗ មិនឯកការទេ ទោះជាគ្មានឪពុកម្ដាយ សាច់ញាតិ ព្រោះក្មួយៗ នៅមានការអង្គការ មណ្ឌល និងមានរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ រួមទាំងសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបំពេញសេចក្ដីត្រូវការរបស់ក្មួយៗ ពិេសេស រាជរដ្ឋាភិបាល តែងតែគិតគូរ ដោះស្រាយរាល់បញ្ហាលំបាកនានា របស់ប្រជាពលរដ្ឋកម្ពុជា សំខាន់បំផុតនោះ គឺកុមារកំព្រាក្រីក្រ និងប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាព តាមរយ:ការជួយទំនុកបំរុងផ្នែកជីវភាព ធ្វើយ៉ាងណាឲ្យការរស់នៅ របស់ពួកគាត់ ទទួលបាននូវភាពល្អប្រសើរ»។
គួរបញ្ជាក់ថា ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខរបស់មន្ដ្រីកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើនទៀត រួមទាំងរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសាផ្ដល់ជូនដល់ចាស់ជរាឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌលទាំងពីរផងដែរ៕