(កែប)៖ នៅសាលាខេត្តកែបនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពបើកពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ដែលសហការរៀបចំដោយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរខេត្តកែប ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ខេត្តឲ្យកាន់តែផុសផុល។
ចូលរួមនៅក្នុងពិព័រណ៍នេះ មានមន្ត្រីរាជការ ពាណិជ្ជករ អាជីវករ និងសិស្សានុសិស្សប្រមាណជាង ៣០០នាក់។ ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្ត្រី បានហៅពិព័រណ៍នេះថា ជាវេទិកាដ៏ល្អ សម្រាប់ពាណិជ្ជករក្នុងខេត្ត ធ្វើការសិក្សាស្វែងយល់ និងផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក ដើម្បីចាប់ដៃគូពាណិជ្ជកម្មសំដៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញនាពេលអនាគត។
លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ខ្ញុំជឿថា ពិព័រណ៍នេះ នឹងជំរុញការនាំកសិផល និងផលិតផលពីខេត្តកែប ទៅបណ្តាខេត្ត-ក្រុងដទៃទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលសំខាន់មួយដែលខ្ញុំចង់បានពីពិព័រណ៍ពាណិជ្ជកម្ម និង ទេសចរណ៍ខេត្តកែបឆ្នាំនេះ គឺការចុះកិច្ចសន្យាទិញ-លក់ និងការនាំចេញ-ចូលរវាងក្រុមហ៊ុន កម្ពុជានិងក្រុមហ៊ុនបរទេស»។
លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអង្គពិធីអំពីគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការវិនិយោគលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ សំដៅធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មចង្វាក់ផលិតកម្ម និង ឧស្សាហកម្មទៅក្នុងតំបន់ និងលើពិភពលោក។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តកែប នឹងប្រារព្ធឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាខេត្តកែប។ ពិព័រណ៍នេះ មានដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសថៃសរុបចំនួន ៨០ស្តង់ និងមានការប្រគុំតន្ត្រីក្នុងពេលរាត្រី ដែលចូលរួមដោយសិល្បករ និងសិល្បការនីល្បីៗរបស់កម្ពុជាផងដែរ៕