(ភ្នំពេញ)៖ ក្នុងព្រះរាជឱង្ការទៅកាន់មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវយ៉ាងច្រើនកុះករ ដែលអញ្ជើញទទួលព្រះរាជដំណើរនៅស្ថានីយរាជាយស្ម័យយាន នៅក្នុងខេត្តតាកែវនោះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យរីករាយខ្លាំង ដែលបានជួបដោយផ្ទាល់ជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ។
ព្រះមហាក្សត្រខ្មែរ ក៏បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តទាំងអស់ ដែលបាននិមន្ត និងអញ្ជើញមកទទួលព្រះរាជដំណើររបស់ព្រះអង្គ។
អង្គព្រះមហាក្សត្រខ្មែរ ក៏បានប្រគេន និងជូនពរ ដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរបស់ព្រះអង្គទាំងអស់ បានជួបតែសេចក្តីសេចក្តីចម្រើន។
បន្ទាប់ពីបានសម្តែងគារវកិច្ច និង ព្រះរាជបន្ទូលសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋហើយនោះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលអមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបនោះ បានយាងចេញពីស្ថានីយរាជាយស្ម័យយាន ខេត្តតាកែវ នៅវេលាម៉ោង ១០៖៥៥នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។
បន្ទាប់ពីចាកចេញពីស្ថានីយក្នុងខេត្តតាកែវហើយនោះ ព្រះទីនាំងរាជាយស្ម័យយានរបស់ព្រះមហាក្សត្រខ្មែរ នឹងទៅឈប់នៅស្ថានីយខេត្តកំពត ដែលនៅទីនោះ ក៏មានមន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តកំពតយ៉ាងច្រើនកុះករផងដែរ កំពុងរង់ចាំព្រះរាជដំណើររបស់ព្រះអង្គ សម្តេចម៉ែ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បាននិងកំពុងយាងទៅកាន់ខេត្តព្រះសីហនុ ព្រះអង្គទាំងទ្វេនឹងយាងត្រឡប់មករាជធានីភ្នំពេញវិញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧៕