(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានចេញមកព្រមានធ្ងន់ៗ និងបញ្ជាចាត់វិធានការ ដាក់លិខិតព្រមានជាបន្ទាន់ ទៅលើម្ចាស់រថយន្ដតូចធំ ដឹកដី ដឹកខ្សាច់ គ្រប់ ប្រភេទ ដែលធ្វើចរាចរមិនគោរពតាមលក្ខណៈបច្ចេកទេស របស់អាជ្ញាធរមូលដ្ឋានបានណែនាំនាពេលកន្លងមក។
វិធានការដាក់លិខិតព្រមានទៅលើរថយន្ដ ដឹកដី ដឹកខ្សាច់គ្រ ប់ប្រភេទនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦បន្ទាប់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាបន្តបន្ទាប់ថា មានរថយន្ដធុនតូចធំ ដឹកដី ដឹកខ្សាច់ ដែលសើមទទឹកជោគ បណ្ដាលឲ្យជ្រុះធ្លាក់ហ៊ាហូរតាមដងផ្លូវ ធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈ និងបាត់បង់សោភ័ណ្ឌភាពរាជធានីភ្នំពេញ និងប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងអាចបង្កជាគ្រោះថ្នាក់ ចរាចរណ៍ផ្សេងៗទៀតជាដើម។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ការឃាត់រថយន្ដដែលដឹកដី ដឹកខ្សាច់ហ៊ាហូរទាំងទទឹកជោគ ជ្រុះធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ និងហុយទ្រលោមដោយមិនមានគ្របប៉ាតង់ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើលិខិតព្រមាននេះ វាគ្រាន់តែជាជុំហ៊ានដំបូងប៉ុណ្ណោះ។ លោកបន្តថា នៅមានវិធានការជាបន្តបន្ទាប់ទៀត ប្រហែលជាអាចឈានទៅដល់ការចាប់រថយន្ដ ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ប្រសិនបើរថយន្ដ ដឹកដី ដឹកខ្សាច់ ទាំងតូចធំ នៅតែគឃ្លើន មិនព្រមអនុវត្តន៍តាមលក្ខណៈបច្ចេកទេស ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចអនុវត្តន៍លិខិតព្រមាន ទៅលើរថយន្ដទាំងនោះ៕