(ក្រចេះ)៖ យុវជនជាច្រើននាក់ ទៅលេងកម្សាន្ដនៅឆ្នេរខ្សាច់កោះទ្រុង ត្រូវបានបាត់ខ្លួនចំនួនបីនាក់ រកមិនទាន់ឃើញ តែប្រទះឃើញកាបូបស្ពាយ ខោរអាវ និងស្បែកជើង ក្មេងមួយក្រុមបានទុកចោលនៅលើឆ្នេរ ដោយមិនឃើញម្ចាស់ ក៏នាំគ្នាដើររក និងរាយការជូនសមត្ថកិច្ចភ្លាមៗ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើឆ្នេរច្សាច់កោះទ្រង ក្នុងសង្កាត់កោះទ្រង ក្រុងក្រចេះ ខេត្តក្រចេះ។
លោក នេត លីន អធិការក្រុងក្រចេះ បានឲ្យដឹងថា ពួកគេមានគ្នាបីនាក់ ជាក្មេងប្រុស ជាសិស្សសាលាទៀតផង ហើយយុវជនទាំងបីនាក់នោះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ប្រហែល៥ល្ងាចម៉្លេះ តែគ្មានអ្នកសង្ស័យដោយស្មាន់ថា ពួកគេចុះលេងទឹកបាត់។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អាចនឹងលង់ទឹកទន្លេស្លាប់ គ្រាដែលកម្លាំងនគរបាល នៃស្នងការខេត្តក្រចេះ សហការជាមួយអធិការក្រុង ចុះរាវរកមិនឃើញនៅយប់មិញនេះ។
លោកអធិការបញ្ជាក់ថា យុវជនដែលបាត់ខ្លួនទាំង៣នាក់នេះ ទី១៖ ឈ្មោះ គង់ វាសនា អាយុ១៥ឆ្នាំ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២៖ ឈ្មោះ ផុន សុធារាជ អាយុ១៤ឆ្នាំ រស់សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី៣៖ ឈ្មោះ វុទ្ធ លីហេង អាយុ១៥ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ។
ជាមួយគ្នានោះដែរ លោកអធិការបានបន្ថែមថា កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ និងរុករកក្រុមយុវជនទាំង៣នាក់នេះ យ៉ាងយកចិត្តទុកដាក់៕