(ភ្នំពេញ)៖ លោកមេធាវី ពេជ រតនា ជាប់ចោទពីបទ «ប៉ុនប៉ងសូកប៉ាន់ចៅក្រម» តាមមាត្រា២៧ និង៥១៨ នៃក្រមព្រហ្មទណ្ឌកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តទោសត្រឹម២ឆ្នាំប៉ុណ្ណោះ។
ការសម្រេចនេះមានន័យថា តុលាការបានផ្តន្ទាទោសលោកមេធាវី ពេជ រតនា ក្នុងកម្រិតទាបបំផុត ហើយព្យួរទោស៣ឆ្នាំឲ្យថែមទៀតផង។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមសំណុំរឿង ប្រព្រឹត្តអំពើពុករលួយ មួយករណីដែរ។ ប៉ុន្ដែលោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូល ហាក់មាន «ភ័ព្វសំណាង» ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែប៉ុណ្ណោះ ហើយលោកនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនាដើមខែមករា ឆ្នាំ២០១៧ខាងមុខនេះ ។
សូមជំរាបថា លោកមេធាវី ពេជ រតនា សារភាពថា លោកពិតជាបានយកប្រាក់មួយចំនួន ដើម្បីសូកប៉ាន់ចៅក្រមស៊ើបសួរ ដើម្បីកុំឲ្យឃុំខ្លួនកូនក្ដីប្រាកដមែន ។ ប៉ុន្តែចៅក្រម ពុំព្រមទទួល រួចក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង។ លោកមេធាវី ពេជ រតនា សារភាពបែបនេះនាសវនាការកាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញកន្លងទៅ។
លោកមេធាវី ពេជ រតនា បាននិយាយក្នុងសវនាការទៀតថា ខ្លួនពិតជាបានយកលុយចំនួន៥០០០ដុល្លារពីកូនក្តីឈ្មោះ សេង សាវី ភេទស្រី ទៅសុំតម្កល់ឲ្យចៅក្រមស៊ើបសួរ ឈ្មោះ ជួន សុរាសី មែនដើម្បីជាការតម្កល់កុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ និងឃុំខ្លួនកូនក្តីលោក ខណៈដែលកូនក្តីលោកជាប្តីអ្នកស្រី សេង សាវី ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីរួចមកហើយ។ ប៉ុន្តែចៅក្រមស៊ើបសួរ មិនព្រមទទួលយកសំណើសុំ ជាការតម្កល់ប្រាក់នោះទេ ហើយនៅគ្រាដែលលោកចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង៕