Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានចាប់ផ្តើមចាកចេញពីស្ថានីយ៍រថភ្លើងនៅភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ

30-12-2016 07:38

(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានចាប់ផ្តើមចាកចេញស្ថានីយ៍រថភ្លើងនៅភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ព្រះទីនាំងរថភ្លើងរបស់ព្រះអង្គទាំងទ្វេ នឹងឈប់ចតនៅស្ថានីយ៍ចំនួន៣កន្លែង,​ ទី១៖ស្ថានីយ៍រថភ្លើងនៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើងនៅខេត្តកំពត និងទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។

ការយាងតាមរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន នឹងដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ខេត្តព្រះសីហនុ។

កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយរួចជាស្រេច ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើង នៅសម័យអាណានិគមបារាំងនោះទេ៕

សូមទស្សនាការផ្សាយផ្ទាល់ពី ​CNC