(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នឹងយាងតាមរថភ្លើង ទៅកាន់ខេត្តព្រះសីហនុ ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន នឹងដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ខេត្តព្រះសីហនុលើកនេះផងដែរ ។

កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយរួចជាស្រេច ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើង នៅសម័យអាណានិគមបារាំងនោះទេ។

លោក អ៊ុក សុខុន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាផ្ទាល់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ទទួលបន្ទុកត្រួតពិនិត្យការជួសជុលព្រះរាជដំណាក់ក្រុងព្រះសីហនុ ធ្លាប់បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែធ្នូឲ្យដឹងថា អស់រយៈពេលជាង១ខែកន្លងមកនេះ ការងារជួសជុលព្រះរាជដំណាក់របស់ព្រះមហាក្សត្រ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការជួសជុលរួចរាល់ទាំងស្រុងហើយ។

ចំពោះក្រយាថ្វាយព្រះករុណា គឺសណ្ឋាគារកាំបូឌីយ៉ាណា នឹងរៀបចំថ្វាយព្រះករុណា និងសម្ដេចម៉ែទាំងអស់ ចាប់តាំងទ្រង់យាងទៅខេត្តព្រះសីហនុ រហូតដល់ទ្រង់យាងនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ ក្រោមការទទួលខុសត្រូវទាំងស្រុង របស់អ្នកឧកញ៉ា គិត ម៉េង​។

សូមជំរាបថា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក កម្មករ ជាច្រើនរយនាក់ នៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ដើម្បីយាងព្រះអង្គ ធ្វើទស្សនកិច្ចតាមរថភ្លើង ពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយសម្តេចតេជោ នឹងដង្ហែព្រះមហាក្សត្រដោយផ្ទាល់៕ សូមទស្សនាការផ្សាយផ្ទាល់ពី ​CNC