(ភ្នំពេញ)៖ លោក TuanHaji Paimuzi Yahya អនុប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម របស់ទីស្តីការគណៈរដ្ឋមន្រ្តី ម៉ាឡេស៊ី បានប្រកាសឲ្យអង្គការ សមាគមនៅកម្ពុជា ដែលទទួលជំនួយពីម៉ាឡេស៊ី ត្រូវធ្វើការជាមួយស្ថានទូត របស់ខ្លួននៅកម្ពុជាឲ្យបានល្អប្រសើរ ដើម្បីចៀសវាងបញ្ហាដែលលេចលឺ ក្នុងសារព័ត៌មានម៉ាឡេស៊ី ដូចថ្មីៗនេះបានចេញ ផ្សាយពីភាពមិនប្រក្រតីរបស់អង្គការមួយចំនួនតូចនៅកម្ពុជា បានទទួលជំនួយពីភាគីដៃគូម៉ាឡេស៊ី តែមិនបានយកជំនួយ នោះមកប្រើប្រាស់ដើម្បី ប្រយោជន៍សហគមន៍ទេ បែរជាយកមកប្រើក្នុងប្រយោជន៍ ផ្ទាល់ខ្លួនច្រើនជាង។
ការលើកឡើងបែបនេះ ក្នុងឱកាសនៃពិធីជួបជុំពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ និងអង្គការ-សមាគមឥស្លាមនៅកម្ពុជា នៅរាត្រីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ ដែលបានរៀបចំដោយអគ្គនាយកដ្ឋានឥស្លាមម៉ាឡេស៊ីសហការ ជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
អញ្ជើញចូលរួមនៅក្នុងពិធីនេះរួមមាន លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមនឹងថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល គណៈប្រតិភូជាថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី តំណាងស្ថានទូត ម៉ាឡេស៊ីប្រចាំកម្ពុជា ប្រធានអង្គការសមាគម ជាច្រើនរូបផងដែរ។
លោក TuanHaji Paimuzi Yahya ក៏បានលើកឡើងផងដែរថា ពិធីជួបជុំអាហារសាមគ្គីនៃចុងឆ្នាំនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងរដ្ឋាភិបាល ស្ថាប័ន អង្គការសមាគមនៃប្រទេសទេសទាំងពីរ ឲ្យកាន់តែស្និទ្ឋស្នាលថែមទៀត ហើយក៏ជាការអបអរសាទរសម្រាប់សមិទ្ឋផលនានាជាច្រើន ដែលភាគីម៉ាឡេស៊ី តែបានផ្តល់ជំនួយគ្រប់បែបយ៉ាង មកកាន់កម្ពុជា តាមរយៈអង្គការសមាគមក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ក៏ដូចជាពង្រឹងនិងលើកកំពស់ ស្ថានភាពរស់នៅរបស់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេសអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឲស្លាមម៉ាឡេស៊ី ជាដៃគូរម្ចាស់ជំនួយដ៏ធំ ដែលបានផ្តល់ជំនួយមកកាន់កម្ពុជា។
ជាក់ស្តែងកាលពីឆ្នាំកន្លែងទៅ រដ្ឋាភិបាលម៉ាឡេស៊ី បានអនុម័តផ្តល់កញ្ចប់ថវិកា១លានដុល្លារ ដល់អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម-ម៉ាឡេស៊ី ដើម្បីប្រើប្រាស់ក្នុងដំណើរបច្ចេកទេសនៃការអនុវត្តសន៍ប្រព័ន្ធស្តង់ដាហាឡាល និងវិស័យផ្សេងៗទៀតរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ទើបបានសម្រេចដាក់ប្រើនូវច្បាប់ស្តីអំពីការគ្រប់គ្រង សមាគមអង្គការក្រៅរដ្ឋាភិបាល ទាំងអង្គការជាតិនិងអន្តរជាតិ នៅកម្ពុជា ដើម្បីត្រួតពិនិត្យទៅលើសកម្មភាពមនុស្សធម៌នានា ឲ្យដំណើរការស្របតាមលក្ខន្តិកៈ និងបង្ការរាល់ការប្រើប្រាស់ ជំនួយខុសនិតិវិធី រឺប្រើប្រាស់ជាប្រយោជន៍បុគ្គលជាដើម។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ក៏ដូចជាស្ថាប័ន អង្គការម៉ាឡេស៊ី ដែលជាម្ចាស់ជំនួយលំដាប់ថ្នាក់លេខ១ ដែលបានផ្តល់ជំនួយគ្រប់បែបយ៉ាង មកកាន់សហគមន៍ ឥស្លាមនៅកម្ពុជា៕