ប្រជាពលរដ្ឋ៤ភូមិ រងគ្រោះភ្លើងឆេះស្រូវ អស់ប្រមាណជា១៧ហិចតា ទទួលបានអំណោយស្រូវ និងថវិកា ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
29-12-2016 19:00
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ រងគ្រោះដោយសារភ្លើងឆេះស្រូវចំនួន៤ភូមិ នៅឃុំចង្ហារ ស្រុកអូរជ្រៅ ទទួលអំណោយជាស្រូវ និងថវិកា ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានប្រគល់ជូននារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលនាំមកប្រគល់ជូនដោយ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីក្រុមការងារស្រុកអូរជ្រៅ លោក សាន ស៊ានហូ អភិបាលស្រុក។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ក្រោយពីដឹងហេតុការណ៍អាក្រក់នេះលោក និងក្រុមការងារបានរាយការណ៍ដល់ថ្នាក់លើ និងរកវិធីជួយដល់ប្រជាពលរដ្ឋរងគ្រោះភ្លាមៗ ហើយអំណោយទទួលបាន ក្នុង១គ្រួសារ ទទួលបានស្រូវចំនូន១តោន និងថវិកា១០ម៉ឺនរៀល ។
ភូមិដែលរងគ្រោះភ្លើងឆេះស្រូវ គឺភូមិតាផោក ចំនួន១០ហិតា, ភូមិប៉ោយវត្ត ចំនួន៣ហិចតា ភូមិតាជ្រឹង ចំនួន២ហិចតា និងភូមិបឹងសិលា ចំនួន ២ហិតា ។ នាគ្រាពេលនោះដែរ កម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាលស្រុក ខេត្ត និងប្រជាពលរដ្ឋ រួមជាមួយរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តពន្លត់ និងជួយសង្គ្រោះតែដោយតែមានខ្យល់ខ្លាំងទើបជួយបានស្រែស្រូវមួយចំនួន។
បើតាមការអះអាងពីអាជ្ញាធរមូលដ្ឋានឱ្យដឹងថា ទីតាំងភូមិសាស្ត្រស្រែស្រូវ ដែលត្រូវបានភ្លើងឆេះ គឺស្ថិតនៅប៉ែកខាងជើងឃុំចង្ហា ស្រុកអូរជ្រៅ ជាប់ភូមិសាស្ត្រសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដោយសារតំបន់នេះ រយៈកាលរដូវវស្សា គឺគ្មានទឹកគ្រប់គ្រាន់ ផ្ទៃដីរីងស្ងួត និងទិន្នផលស្រូវ ទទួលបានតែត្រឹម ១តោន ក្នុង១ហិចតាប៉ុណ្ណោះ ។
ទន្ទឹមនឹងនោះដែរលោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ លោកមេឃុំ បានទទូចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយដោះស្រាយនូវបញ្ហាការខ្វះទឹក ឬទឹកមិនធ្លាក់មកពីខាងលើ រយៈពេលជិត៣ឆ្នាំហើយ ដោយសារទំនប់អូរខៃដន បិទទ្វារទឹក និងមិនបង្ហូរចុះក្រោមឡើយ ទាំងនេះហើយ ជាកង្វល់ និងបញ្ហា របស់ប្រជាពលរដ្ឋ ក៏ដូចជាជ្ញាធរមូលដ្ឋានផងដែរ៕