(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាកាត់បន្ថយអត្រាអ្នកស្លាប់ ដោយ សារគ្រោះថ្នាក់ចរាចរ បានរហូតដល់ ១៥ភាគរយ ចំនួននេះសម្រេចបានលើសគោលដៅសហស្សវត្សរបស់អង្គការសហប្រជាជាតិ (UN) ដែលដាក់គោលដៅធ្វើឲ្យបាន ៩ភាគរយក្នុងមួយឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះ «ចំនួនអ្នកស្លាប់តាមគោលដៅសហស្សវត្ស របស់អង្គការសហប្រជាជាតិ តម្រូវឲ្យយើងកាត់បន្ថយអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងមួយឆ្នាំវង្វង់ ៩ភាគរយ ប៉ុន្ដែឆ្នាំនេះ ដោយការខិតខំព្រមៗគ្នា យើងបានកាត់បន្ថយចំនួនអ្នកស្លាប់បានរហូតទៅដល់ ១៥ភាគរយ»។
សម្ដេច ស ខេង បានបញ្ជាក់ថា គោលដៅសហស្សវត្សរបស់អង្គការសហប្រជាជាតិនេះ បានចាប់ពីយកឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០ ដោយកំណត់គោលដៅថា ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យដល់ ៥០ភាគរយ ហើយចំនួននេះ សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា កម្ពុជានឹងសម្រេចដូចអ្វី ដែលអង្គការសហប្រជាជាតិកំណត់។
នៅឆ្នាំ២០១៦នេះ កម្ពុជាក៏ទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ របស់ព្រះអង្គម្ចាស់ Michael នៃចក្រអង់គ្លេសអង់គ្លេសផងដែរ។ ពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរបានកើតឡើង ៣,៣៣៨លើក បណ្តាលឲ្យមនុស្សស្លាប់ ១,៥៧៦នាក់ និងរបួស ៥,៩៦២នាក់។ ចំនួនគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៦ បើធៀបឆ្នាំ២០១៥ ថយចុះ ៤៥១លើក ស្មើ ១២% អ្នកស្លាប់ថយចុះ ២៥៩នាក់ ស្មើ ១៤% និងអ្នករបួសថយចុះ ៥៩៦នាក់ស្មើ ៩%៕