(បន្ទាយមានជ័យ)៖ ក្រុមគ្រួសាររបស់លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែត បានយល់ព្រមបញ្ឈប់សកម្មភាពតវ៉ាទាំងឡាយណា ដែលពុំមានច្បាប់អនុញ្ញាត ពីអាជ្ញាធរដែនដី ហើយពួកគេក៏បានសន្យា នឹងចូលរួមដោះស្រាយតាមនីតិវិធីច្បាប់ ដូចជា អាចស្វែងរកមេធាវី ដើម្បីប្ដឹងជំទាស់ ស្វែងរកយុត្តិធម៌ ពីស្ថាប័នតុលាការឡើងវិញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បងប្អូន និងអ្នកគាំទ្ររបស់លោក ឌិន ពុទ្ធី ជាច្រើននាក់ បាននាំគ្នាតវ៉ា នៅច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីទាមទារឲ្យមានការដោះលែង លោក ឌិន ពុទ្ធី ក្រោយពីតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនពាក់ព័ន្ធ គ្រោះថ្នាក់ចរាចរណ៍ជាមួយនាយករងប៉ុស្ដិ៍ច្រកទា្វរអន្ដរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ។
ការតវ៉ាដែលនាំឲ្យមានការចូលរួមច្រើនទៅៗ រហូតបង្កការកកស្ទះដល់អ្នកដំណើរផ្សេងទៀត និងខ្លាចមានអំពើហិង្សាណាមួយកើតឡើងនោះលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោក ង៉ោង ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក សឹម សំអាត នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានទៅសម្របសម្រួលរហូតធ្វើឲ្យអ្នកតវ៉ា នាំគ្នាស្ងប់ និងបំបែកជួរ ហើយថ្នាក់ដឹកនាំបានហៅបងប្អូន លោក ឌិន ពុទ្ធី រួមមាន ភរិយា លោកស្រី ហ៉ុក ព្រៀន ប្អូនប្រុស លោក ឌិន ពិរិទ្ធ បងថ្លៃលោកស្រី ហ៉ុក ច្រើក និងប្អូនស្រី កញ្ញា ឌិន សុខា។
នៅក្នុងតុចរចាអស់រយៈពេលជាង២ម៉ោងនោះ លោក មាស ច័ន្ទពិសិដ្ឋ បានប្រាប់ពីនីតិវិធីច្បាប់បាតុកម្ម ដល់ក្រុមគ្រួសារលោក ឌិន ពុទ្ធី ឲ្យយល់ថា «ការធ្វើបាតុកម្មត្រូវដាក់ពាក្យសុំការអនុញ្ញាត ពីអាជ្ញាធរជាមុខសិន យ៉ាងហោចណាស់ ឲ្យបានរយៈពេល៣ថ្ងៃមុន នឹងធ្វើបាតុកម្មបាន»។
លោកបន្តថា ករណីសុំនៅក្រៅឃុំ បើសាលាដំបូងសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំទេ យើងត្រូវមានមេធាវី ហើយជនជាប់ចោទមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាទៅសាលាឧទ្ធណ៍។ ហើយមេធាវីត្រូវដាក់ភស្តុតាងប្តឹងជំទាស់ទៅតាមនិតិវិធីច្បាប់ មិនត្រូវមកធ្វើការបិតផ្លូវជាតិដូចថ្ងៃនេះទេ។
បន្ទាប់ពីបានស្តាប់ការបកស្រាយ និងណែនាំពីលោកព្រះរាជអាជ្ញា ក្រុមគ្រួសារលោក ឌិន ពុទ្ធី បានស្ម័គ្រចិត្តធ្វើកិច្ចសន្យា តាមការណែនាំ ដោយបានសន្យាថា ពួកគាត់ នឹងចូលរួមដោះស្រាយករណីលោក ឌិន ពុទ្ធី តាមនិតិវិធីច្បាប់ និងបញ្ឈប់ការប្រមូលផ្តុំតវ៉ាខុសច្បាប់ជាបន្តទៀត ហើយយល់ព្រមធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចជំនាញ និងអាជ្ញាធរ។ បើមានថ្ងៃក្រោយទៀត ពួកគាត់នៅតែប្រព្រឹត្តសកម្មភាពប្រមូលផ្តុំតវ៉ាទៀត ពួកគាត់សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា នៅពេលមានការតវ៉ានោះ លោកបានបញ្ជូនកម្លាំងនគរបាលជាច្រើននាក់ ដើម្បីទៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ហើយការតវ៉ានេះក៏មិនមានអំពើហិង្សាណាមួយនោះទេ៕