(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តបានប្រវែងសរុប ១៥,៣៧៦.២៤គីឡូម៉ែត្រ តែការចាក់កៅស៊ូ និងបេតុង បានប្រវែង ៦,៩០១.៤៨គីឡូម៉ែត្រ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា មកដល់បច្ចុប្បន្នេះក្រសួង សាងសងផ្លូវជាតិ ១ខ្ទង់ បានចំនួន ៩ខ្សែ មានប្រវែងសរុប ២,២៥៣.៩៨គីឡូម៉ែត្រ ផ្លូវជាតិ ២ខ្ទង់ មាន ៦៦ខ្សែ ប្រវែងសរុប ៥,០០៧.៣៦គីឡូម៉ែត្រ។
សម្រាប់ផ្លូវខេត្ត មាន ៣ខ្ទង់ និង ៤ខ្ទង់ បានសាងសង់រួចមានចំនួន ៣៣៨ខ្សែ ប្រវែងសរុប ៨,១១៤.៩០គីឡូម៉ែត្រ។ ចាក់កៅស៊ូ និងបេតុងបានប្រវែង ១,៦៣៩.៤១គីឡូម៉ែត្រ ស្មើនឹង ២០.២០ភាគរយ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទាំងផ្លូវជាតិ និងផ្លូវខេត្ត មកដល់ពេលនេះ ក្រសួងសាងសងបានប្រវែងសរុប ១៥,៣៧៦.២៤គីឡូម៉ែត្រ ក្នុងនោះចាក់កៅស៊ូ និងបេតុងហើយ បានប្រវែង ៦,៩០១.៤៨គីឡូម៉ែត្រ កើនឡើងប្រវែង ២៧៨.៤១គីឡូម៉ែត្រ ត្រូវនឹង៤៤.៨៨ភាគរយ នៃប្រវែងសរុប។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញឲ្យដឹងពីការដាក់ទិសដៅអនុវត្តន៍ការងារសម្រាប់ឆ្នាំ២០១៧ ផងដែរ។ ទិសដៅសម្រាប់ឆ្នាំ២០១៧ ដែលក្រសួងបានដាក់ចេញនោះរួមមាន៖
- ក្រសួងនឹងលើកកំពស់ផ្លូវជាតិមួយលេខពី DBST ឲ្យទៅជាកម្រាល AC ឲ្យសមស្របទៅកំណើនចរាចរណ៍។
- ពង្រឹងការងារថែទាំប្រចាំ (លុបសំបុកមាន់ កាត់សៅ គូសគំនូសចរាចរណ៍ ដាក់ស្លាកសញ្ញាចរាចរណ៍)
- បញ្ចប់ការចរចារលើកិច្ចព្រមព្រៀងក្របខណ្ឌការងារសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសាជីវកម្មស្ពានថ្នល់ចិន (គ្រោងបញ្ចប់ការចរចាកិច្ចព្រមព្រៀងសម្បទាន និងចាប់សាងសង់ដើមឆ្នាំ២០១៧)
- សិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបារិត
- បើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលមានតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២
- បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ ផ្លូវលេខ១១ និងស្ពានស្ទឹងត្រង់់
- បើកការដ្ឋានស្តារ និងពង្រីកផ្លូវជាតិលេខ៥ ពី២គន្លង ទៅ៤គន្លង ពីបាត់ដំបងទៅស្វាយស៊ីសុផុន
- សម្ពោធ និងដាក់ឲ្យប្រើប្រាស់ស្ពានកោះធំ
- បញ្ចប់ការចរចាតម្លៃផ្លូវក្រវ៉ាត់ក្រុងទី៣ដែលភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ១
- សិក្សាលទ្ធភាពក្នុងការសាងសង់ផ្លូវជាតិកាត់ ពីបាត់ដំបង ទៅសៀមរាប,បញ្ចប់ការរៀបចំសិក្សាផែនការមេសាងសង់ប្រព័ន្ធ ចម្រោះទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត
- ពង្រឹងការគ្រប់គ្រងដីចំណីផ្លូវដោយបង្កើតក្រុមចុះត្រួតពិនិត្យជាប្រចាំ និង បន្តដាំបង្គោលដីចំណីផ្លូវ និងចុះផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងការគ្រប់គ្រងដីចំណីផ្លូវ
- ពង្រឹងយន្តការត្រួពិនិត្យគម្រោងជួសជុលខួប(លិខិតបដ្ឋាននគតិយុត្ត និងឯកសារដែលពាក់ព័ន្ធជាដើម៕