(ភ្នំពេញ)៖ អនុប្រធានបេសកកម្មទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច អមដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំ​កម្ពុជា បាន​ចូលជួបពិភាក្សាជាមួយ​ ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យហាឡាលកម្ពុជា ដើម្បីធ្វើការសិក្សាស្វែងយល់អំពីស្ថាប័នហាឡាលរបស់កម្ពុជាថា ​បានដើរដល់ណាហើយ។

ក្នុងជំនួប​នៅ​រសៀលថ្ងៃទី២៩ ខែធ្នូ ឧកញ៉ា អូស្មាន ហាស្សាន់ បានជំរាប​ជូន លោក ដាម ប៊ុនថាំ អនុប្រធានបេសកកម្មទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអមដ្ឋាន ឯកអគ្គរាជទូតថៃ ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញជាអនុក្រឹត្យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបង្កើតគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បន្ទាប់មកគណៈកម្មាធិការ មួយនេះ ក៏បានបង្កើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានសមាសភាពចំនួន​២៤​រូប និងមាននូវក្រុមអ្នកឯកទេស ហាឡាលកម្ពុជា ចំនួន​១៩​រូប កាលពីថ្ងៃទី ២០ ខែតុលា ២០១៦ បន្ទាប់មកក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យហាឡាលកម្ពុជា បានរៀបចំជាក្រុមការងារ សម្រាប់ធ្វើការបណ្តុះបណ្តាល​មន្ត្រីពាក់ព័ន្ធ ឲ្យមានជំនាញលើកិច្ចការនេះ។

ឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្ន មានជនមុស្លិមប្រមាណ៧សែននាក់ ដែលពួកគេជាអ្នកប្រើប្រាស់ផលិតផលហាឡាល តែជា​មួយគ្នានេះ អ្នកមួយចំនួនទៀត ដែលមិនមែនជាជនមុស្លិម ក៏មានអ្នកប្រើប្រាស់ផលិតផលហា​ឡាលផងដែរ ដែលហាឡាលកំពុងតែមានវត្តមាននៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក ដាម ប៊ុនថាំ បានបញ្ជាក់ជូន ​ឧកញ៉ា អូស្មាន ហាស្សាន់ ថា​ រាជរដ្ឋាភិបាលថៃ បានទម្លាក់នូវកញ្ចប់ថវិកា ឲ្យទៅក្រសួងពាណិជ្ជកម្មថៃ សម្រាប់រៀបចំវគ្គសិក្ខាសាលា ដើម្បីធ្វើការណែនាំ និងផ្សព្វផ្សាយទៅដល់ម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារនៅកម្ពុជា ឲ្យបានស្គាល់អំពីផលិតផលហាឡាល​របស់ប្រទេសថៃ។

យ៉ាងណាមិញ ចំពោះគម្រោងរៀបចំសិក្ខាសាលានេះ លោក អូស្មាន ហាស្សាន់ ថានឹងធ្វើការពិភាក្សាជាមួយក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីកំណត់ពេលវេលាសមស្របណាមួយ ជាពិសេសដើម្បីឲ្យក្រសួងទាំងពីរនេះ ជួយផ្សព្វផ្សាយអំពីផលិតផលហាឡាល នេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅដល់មហាជនទូទៅ។

​ក្នុងន័យជាការទាក់ទាញអ្នកវិនិយោគ ពីប្រទេសថៃ ឲ្យមកបង្កើតរោងចក្រ​ផលិត នូវផលិតផលហាឡាលនៅកម្ពុជា លោករដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ ក៏បានជំរាបជូនតំណាងស្ថានទូតថៃ អំពីបរិយាកាស នៃការវិនិយោគនៅកម្ពុជា ដែលអំណោយផលបំផុត ក្នុងនោះបើនិយាយអំពីកម្លាំងពលកម្មវិញ គឺមានតម្លៃទាប ដែលនឹងនាំឲ្យម្ចាស់រោងចក្រ ទទួលបានផលចំណេញច្រើន៕