Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំពើឃាតកម្ម សម្លាប់​សាហាយស្មន់​របស់​ប្រពន្ធ! កម្លាំង​អាវុធហត្ថ តាមចាប់ខ្លួនប្តី​បានហើយ នៅស្រុក​បន្ទាយមាស​

29-12-2016 17:24

(កំពត)៖ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្ត ឃាត់ខ្លួន ជនសង្ស័យជាប្តី ដែលបានសម្លាប់ជនរងគ្រោះ រឿងលួចមានសាហាយស្មន់ ជាមួយប្រពន្ធរបស់ខ្លួនកាលពី ព្រឹកទាបភ្លឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

ការឃាត់ខ្លួនធ្វើឡើងនៅជិតវេលាថ្ងៃត្រង់ទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ក្នុងថ្លុកឈាម ខណ:ជនរងគ្រោះបង្កើតស្នេហា ប៉ះភ្លើងប្រច័ណ្ឌ ត្រូវជនដៃដល់ជាប្តី ដែលទើបលែងលះគ្នា ជាមួយប្រពន្ធបានប្រមាណ២ខែ កាប់ជាច្រើនពូថៅ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ សៅ ចន្ថន ហៅខូយ អាយុ៤៨ឆ្នាំ។ រីឯជនដៃដល់ជាប្តី ឈ្មោះ ជ័យ ប៊ុនធឿន អាយុ៣៨ឆ្នាំ ហើយស្ត្រីជាប្រពន្ធ ដែលលែងលះគ្នាបាន២ខែឈ្មោះ កែវ ច្រាន់ អាយុ៤០ឆ្នាំ មានកូនក្នុង៥នាក់។

ជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិឃុំកើតហេតុខាងលើ។ តាមការឲ្យដឹងពីមន្ត្រីនគរបាលដដែល ជនរងគ្រោះរូបនេះ លួចមានទំនាក់ទំនងស្នេហា ជាមួយស្រ្តីជា ប្រពន្ធរបស់ ជនដៃដល់ជាច្រើនថ្ងៃមកហើយដែរ។

មន្រ្តីនគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកផ្ទះស្រ្តីជាប្រពន្ធរបស់ជនដៃដល់ ខណ:ជនរងគ្រោះ ឡើងដល់លើផ្ទះបាន១សន្ទុះក្រោយមក ចុះត្រឡប់មកវិញក៏ត្រូវប្តីដើមរបស់ស្រ្តីនោះ បានមកដល់ធ្វើសកម្មភាព កាប់លើជនរងគ្រោះ ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហតុតែម្តង។ក្រោយហេតុភ្លាម ជនសង្ស័យបានរត់គេចខ្លួនបាត់៕