Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាងហ្វាងផលិតកម្ម​​ LD Picture​៖​ «ឡាន​តម្លៃ​​ជាង​៣​ពាន់​ដុល្លារ​ ចំណាយ​​ចោល​ ដើម្បី​​ថត​រឿង​ ខ្មោច​​ម៉ាំ​មី»​

29-12-2016 17:18

(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងបង្ហើបឲ្យដឹងថា ភាពយន្តរឿង «ខ្មោចម៉ាំមី!» មានការចំណាយច្រើនគួរសម ក្នុងចំណោមរឿងជាច្រើន ដែលបានថត និងដាក់បញ្ចាំងលើទីផ្សារ ខណៈដែលក្នុង រឿង នេះ លោកបានចំណាយលុយប្រមាណ ជាង៣ពាន់ដុល្លារអាមេរិក ដើម្បីទិញឡានមួយគ្រឿង ថតកម្ទេចចោលតែម្ដង។ លោក លៀក លីដា និយាយថា «រឿងនេះ ខ្ញុំចំណាយច្រើនគួរសមដែរហ្នឹង! ប្រហែលខ្ទង់៥ ទៅ៦ម៉ឺនដុល្លារ ព្រោះតួសម្ដែង ដូចប្អូនឃើញស្រាប់ហើយ សុទ្ធតែតារាល្បីៗទាំងអស់ ហើយនែក៎ (ឡាន) គ្រាន់តែឡាននេះ ជាង៣ពាន់ដុល្លារ ខ្ញុំទិញមក គឺចំណាយ​ចោលតែម្ដង..!»។ ចាងហ្វាងផលិតកម្ម LD Picture រូបនេះ បានបន្តថា ទោះបីជារឿង «ខ្មោចម៉ាំមី» មានខ្ទង់ចំណាយច្រើនពិតមែន ប៉ុន្តែ​លោក​នៅតែមានជំនឿថា នឹងទទួលបានជោគជ័យ ខណៈដែលទស្សនិកជន នៅតែមានទំនោរក្នុងការទស្សនា រឿងខ្មោចបែបកំប្លែង ហើយរឿងនេះ លោក​ធានាថា នឹងល្អមើល ព្រោះទាំងគុណភាព តួសម្ដែង ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេស សម្រាប់អ្នកទស្សនាទូទៅ។ ម្ចាស់ផលិតកម្ម LD Picture បានថ្លែងទៀតថា នៅក្នុងរឿង «ខ្មោចម៉ាំមី» ជាខ្សែភាពយន្តថ្មីមួយដែលផលិតកម្ម LD Picture បានយករឿងប្រហែល៣ទៅ៤រឿងមក ដាក់បញ្ចូលគ្នាបង្កើតបានខ្សែភាពយន្តមួយថ្មី ដើម្បីឲ្យអ្នកទស្សនាប្លែកអារម្មណ៍ ខុសពីរឿងមុនៗ។ លោក លៀក លីដា និយាយថា « និយាយទៅរឿងនេះ គឺខ្ញុំបានយករឿងខ្មោចទាំងអស់របស់ LD ដែលថតទាំងប៉ុន្មាន យកមកដាក់បញ្ចូលគ្នា ដូចឃើញហើយ មានខ្មោចចិន ខ្មោចខ្មែរ និងអាប ជាដើម ច្របាច់បញ្ចូលគ្នា ប៉ុន្តែមានលក្ខណៈប្លែកជាងមុន តម្រូវតាមការចង់បាន និងទីផ្សារភាពយន្តនា ពេលបច្ចុប្បន្ននេះ.!»។ សូមបញ្ជាក់ថា រឿង «ខ្មោចម៉ាំមី!» នឹងដាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ តាមបណ្ដារោងភាពយន្តទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ៕