(ភ្នំពេញ)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នឹងយាងតាមរថភ្លើង ទៅកាន់ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន នឹងដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ខេត្តព្រះសីហនុលើកនេះ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ បានបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃផែនការ ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ថ្វាយព្រះអង្គទាំងពីរ។ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើង នៅសម័យអាណានិគមបារាំងនោះទេ៕