(ភ្នំពេញ)៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បាននិងកំពុងពិចារណាលើការនាំចេញផលិតផលចំនួន ៣,០០០មុខ ពីប្រទេសកម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពន្ធស្មើសូន្យ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់រឹងមាំបន្ថែមទៀត ពិសេសលើការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ការបញ្ជាក់បែបនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក ឌីមីទ្រី ស្វេតកូវ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោកស្រី តឹករ៉េត កំរង បានស្នើសុំឲ្យភាគីរុស្ស៊ី ពិចារណាក្នុងការនាំចូលផលិតផលសម្លៀកបំពាក់ ជាពិសេសអាវរងារ ក៏ដូចជាផលិតផលកសិកម្មមួយចំនួន មានអង្ករ ស្ករ និងកៅស៊ូ ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលភាគីរុស្ស៊ីបានសន្យាថា «នាំចូលផលិតផលពីប្រទេសកម្ពុជាចំនួន ៣,០០០មុខ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម-ពន្ធនាំចូលសូន្យ» ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
លោក ឌីមីទ្រី ស្វេតកូវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសំណើរបស់លោកស្រីរដ្ឋលេខាធិការ ហើយថែមទាំងបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតផ្លូវការ ដោយផ្ទាល់ ទៅដល់រដ្ឋាភិបាលរុស្ស៊ី។
លោកជំទាវ តឹករ៉េត កំរង ក៏បានស្នើអញ្ជើញអ្នកវិនិយោគរស្ស៊ី ឲ្យមកបណ្ដាក់ទុករកស៊ីនៅកម្ពុជាបន្ថែមកាន់តែច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តែរស្ស៊ីបានស្នើឲ្យកម្ពុជាកំណត់ភាគីបង្គោលមួយ (focal point) ដើម្បីសម្រួលដល់វិនិយោគិនរស្ស៊ី ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច ក្នុងវិស័យអភិវឌ្ឍន៍ ឧស្សាហកម្មនៅកម្ពុជា។
បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីគោលបំណងចង់តភ្ជាប់ជើងយន្តហោះត្រង់ពី រដ្ឋធានីម៉ូស្គូ មកកាន់ខេត្តព្រះសីហនុ ផងដែរ បន្ទាប់ពីសេចក្តីសម្រេច ជាផ្លូវការរវាងកម្ពុជា និងសហព័ន្ធរស្ស៊ី។
សូមជម្រាបថា ផលិតផលទំនិញដែលនាំចេញពីកម្ពុជា ចូលទៅលក់ក្នុងទីផ្សារសហគមន៍អឺរ៉ុប ត្រូវបានអនុគ្រោះពន្ធទាំងអស់ លើកលែងតែគ្រឿងសព្វាវុធ។ ដោយឡែក សម្រាប់ផលិតផលកាបូក វ៉ាលីដាក់តាមខ្លួន ដែលនាំចេញពីកម្ពុជា ក៏ត្រូវសហរដ្ឋអាមេរិកអនុគ្រោះពន្ធនាំចូល ផងដែរ៕