(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញ​ផែនការពង្រីក​កំពង់ផែ​ស្វយ័ត ភ្នំពេញ និងព្រះសីហនុ ឲ្យមានសមត្ថភាព​កាន់តែខ្ពស់​បន្ថែមទៀត​ក្នុងការផ្ទុកកុងតឺន័រ ក៏ដូចជាការចេញចូល​របស់នាវា ដើម្បីឆ្លើយតប កំណើនពាណិជ្ជកម្ម។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញថា ក្នុងទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៦-២០១៨ កំពង់ផែស្វយ័តភ្នំពេញ មានផែនការពង្រីកផែកុងតឺន័រ LM17 ឲ្យមានសមត្ថភាព​ទទួលកុងតឺន័រឲ្យបាន ៣០ម៉ឺនកុងតឺន័រក្នុងមួយឆ្នាំ។ ក្នុងនោះមានការសាងសង់ទីលានកុងតឺន័របន្ថែមលើផ្ទៃដីទំហំ ៥ហិកតា បំពាក់រថយន្តស្ទូច​កងតឺន័រលើ​ទីលានចំនួន ៤គ្រឿង និងទិញរថ យន្តដឹកជញ្ជូនចំនន ២៤គ្រឿង។

កំពង់ផែ ក៏នឹងរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធនៅចំណតផែគីឡូម៉ែត្រលេខ៦ ដើម្បីតភ្ជាប់ឲ្យមានការដឹកជញ្ជូនរវាងផ្លូវដែក ផ្លូវគោក និងផ្លូវទឹក។ រៀបចំឲ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្របបន្ថែមទៀត​នៅចំណតផែទន្លេបិត ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីជំរុញឲ្យ​មានការដឹកជញ្ជូន​ទំនិញកសិផល​តាមផ្លូវទឹកពីបណ្តាខេត្ត​ផ្នែកខាងលើ នៃទន្លេមេគង្គ។

កំពង់ផែស្វយ័តភ្នំពេញ ក៏មានផែនការបូមស្តារប្រឡាយនាវាចរណ៍ក្នុងតំបន់ទន្លេមេគង្គក្រោម ដើម្បីឲ្យមានជម្រៅទឹក ៧.៥ម៉ែត្រ ដែលអាចឲ្យនាវាចំណុះ ៥,០០០តោន អាចចូលមកចំណតផែ។ កំពង់ផែ ក៏នឹងបូមស្តារប្រឡាយនាវាចរណ៍ក្នុងតំបន់ទន្លេមេង្គលើសំដៅសម្រួលការដឹកជញ្ជូនតាមផ្លូវក្នុងស្រុកពីបណ្តាខេត្តភូមិភាគឦសាន។

សម្រាប់កំពង់ផែស្វយ័តខេត្តព្រះសីហនុវិញ គ្រោងសាងសង់ចំណត​ផែកុងតឺន័រប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ទីលានកុងតឺ ន័រ និងឋបនីយភ័ណ តម្លៃប៉ាន់ស្មាន ១៤០លានដុល្លារអាមេរិក។ បន្ថែមពីលើនោះ កំពង់ផែ ក៏នឹងបំពាក់គ្រឿងចាក់លើកដាក់កុងតឺន័រទំនើបប្រភេទ OC ចំនួន ៣គ្រឿង និងប្រភេទ RTG ចំនួន ៩គ្រឿង និងឧបករណ៍​លើកដាក់​ទំនិញកុងតឺន័រ​មួយចំនួន ដោយប្រើប្រាស់ ប្រាក់កម្ចីតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍​របស់ក្រសួងបានឲ្យដឹងថា នៅឆ្នាំ២០១៦នេះ កំពង់ផែស្វយ័តភ្នំពេញ និងខេត្តព្រះសីហនុ រកចំណូលបានសរុប ប្រមាណ ៧០លានដុល្លារ​អាមេរិក៕