(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុ នចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ៥ខែឆ្នាំ២០១៦ គិតចាប់ថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ការលក់ផ្លាកលេខពិសេសតាមប្រព័ន្ធធនាគារឯកទេសវីង បានចំនួន ២,៨៧២លេខ និងរកបានប្រាក់ចំណូលជិត ៤ពាន់លានរៀល (៣,៩៦១,៧២០,០០០រៀល) ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រី្ដក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងសិក្សាពិនិត្យលទ្ធភាពសហការជាមួយធនាគារដទៃទៀត ក្នុងការលក់ផ្លាកលេខពិសេសនេះ។
បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងក៏កំពុងរៀបចំអនុក្រឹត្យស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ ដែលក្នុងនោះនឹងអនុញ្ញាតឲ្យមានការបង្កើតលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ក្រុមគ្រួសារផងដែរ៕