(ភ្នំពេញ)៖ សមាគមឯកទេសពត់ធ្មេញកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំសន្និសីទ ស្ដីពីការពត់ធ្មេញ និងពិព័រណ៍​សម្ភារទន្ដសាស្រ្ដលើកទី១ នាសណ្ឋាគាកាំបូឌីយ៉ាណា។

លោកសាស្រ្ដចារ្យ ហេង សុបញ្ញា អនុប្រធានគណៈទន្ដពេទ្យកម្ពុជា បានថ្លែងឲ្យដឹងថា តាមរបាយការណ៍ ស្ដីពី សកម្មភាព​ទិសដៅរបស់សមាគម​អ្នកឯកទេស​ពត់ធ្មេញកម្ពុជា បង្ហាញយ៉ាងច្បាស់ ពីការខិតខំប្រឹងប្រែងរួមចំណែកអនុវត្តន៍ នូវការកសាង​​សមត្ថភាពធនធានបញ្ញាវន្ដជាការចាំបាច់បំផុត។ ប្រធានបទ ដែលនឹងលើកយក​មកបង្ហាញ នៅក្នុងអង្គសន្និសីទទន្ដសាស្រ្ដ​ថ្ងៃ​​នេះ គឺមានសារៈសំខាន់ និងសុទ្ធតែជាគន្លឹះនៃការពង្រឹងប្រព័ន្ធ វិស័យទន្ដសាស្រ្ដ នៅក្នុងប្រទេសកម្ពុជា ដែលប្រធានបទ​ទាំងនេះ ​រួមមាន ការពង្រឹងគុណភាព បណ្ដុះបណ្ដាលបន្ដផ្នែកវិទ្យាសាស្រ្ដ ពត់តម្រង់ធ្មេញដោយមានលក្ខណៈប្រទាក់ក្រឡាគ្នា។

លោកបានថ្លែងបន្ដទៀតថា ក្នុងសន្និសីទថ្ងៃនេះ គឺពិតជាបានផ្ដល់ឱកាសដល់អ្នកចូលរួមអាចផ្លាស់ប្ដូរមតិ យោបល់ ចែករំលែក​បទពិសោធន៍ទៅវិញទៅមក សម្រាប់ការពង្រឹង គុណភាព សេវាទន្ដសាស្រ្ដ ផ្នែកពត់ធ្មេញនៅកម្ពុជា ក៏ដូចជាសម្រាប់ការពង្រឹងគុណភាព បណ្ដុះបណ្ដាលទន្ដសាស្រ្ដបន្ដ នៅក្នុងវិស័យសុខាភិបាល។

លោកសាស្រ្ដចារ្យ បានថ្លែងឲ្យដឹងទៀតថា គណៈទន្ដពេទ្យកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងគណៈវីជ្ជា ជីវៈទាំងអស់បានខិតខំពង្រឹង ការលើកម្ពស់ ការអនុវត្តន៍ច្បាប់គ្រប់គ្រងវិជ្ជាជីវៈ សុខាភិបាលការកែរលម្អ គុណភាពសេវា ពង្រឹងសម្ថ​ភាព និងការគ្រប់គ្រងធនធានមមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងវិស័យទន្ដសាស្រ្ដ ​តាមរយៈការលើកកម្ពស់ សុខភាពមាត់ធ្មេញ ដើម្បីពង្រឹងនូវការទ្រទ្រង់រាងកាយរបស់មនុស្ស ដែលផ្ដល់នូវ សុខភាពកាន់តែ​​ប្រសើរឡើងដល់ប្រជាពលរដ្ឋ។

លោកបានបន្ថែមទៀតថា ការលើកស្ទួយនូវវិស័យទន្ដសាស្រ្ដ គឺផ្ដោតលើការបណ្ដុះបណ្ដាលទន្ដពេទ្យបន្ដ ប្រកបដោយគុណភាព និងសមត្ថភាពជំនាញវិជ្ជាជីវៈ និងការពង្រាយទន្ដពេទ្យនៅតាមខេត្ត-ក្រុងនានាទូទាំងប្រទេស ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ​​ ក្នុងការទទួលបាននូវសេវាទន្ដសាស្រ្ដប្រកបដោយគុណភាព និងសុវត្ថិភាព ដោយមិនចាំបាច់ចេញស្វែងរកទន្ដពេទ្យក្រៅប្រទេសនោះឡើយ។

លោក បានបញ្ជាក់ទៀតថា «ខ្ញុំពិតជាមានមោទនៈភាព យ៉ាងខ្លាំងចំពោះទន្ដពេទ្យទាំងអស់ ដែលបានផ្ដល់សេវាទន្ដសាស្រ្ដ ជាពិសេសផ្នែកពត់ធ្មេញ ក្នុងប្រទេសកម្ពុជា​ដោយប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព ដែលបានទាក់ទាញទំនុកចិត្ត ប្រជាពលរដ្ឋ ក្រៅ​ប្រទេសមកទទួលសេវាកម្មនេះថែមទៀតផង»