(ភ្នំពេញ)៖ មុនមួយថ្ងៃនៃការយាងតាមរថភ្លើង ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី និងសម្ដេចម៉ែ អមដំណើរដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញកម្លាំងជាច្រើននាក់ ចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ តាមដងផ្លូវរថភ្លើង។
អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បា្រប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថា សមត្ថកិច្ច និងអាជ្ញាធរខណ្ឌចំនួន៥ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ដែលរថភ្លើងឆ្លងកាត់បូករួមទាំងខណ្ឌដង្កោមួយទៀត បានបើកយុទ្ធនាការចុះធ្វើរដ្ឋបាល ពង្រឹងការងារសន្ដិសុខ ដើម្បីត្រៀមរៀបចំការយាងតាមរថភ្លើង របស់ព្រះមហាក្សត្រ សម្ដេចម៉ែ អមដោយសម្ដេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធ នៅថ្ងៃស្អែកឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហា៣ធំៗ ដែលយើងផ្ដោតសំខាន់ពេលចុះធ្វើរដ្ឋបាល រួមមាន ទី១៖ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរាបរយ ទី២៖ ការសម្អាតបរិស្ថានអនាម័យ និងទី៣៖ ការចូលរួមកាន់បន្ថយ និងលុបបំបាត់បទល្មើសនៅតាមមូលដ្ឋាន ពីព្រោះជនល្មើសខ្លះលាក់ខ្លួន នៅតាមទីតាំងមិនមានរបៀបរាបរយមួយចំនួន»។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក យូរ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស បានដឹកនាំមន្ដ្រីជាន់ខ្ពស់ ជាកងកម្លាំងប្រដាប់អាវុធច្រើននាក់ បើកកិច្ចប្រជុំបន្ដរៀបចំផែនការ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់របស់ព្រះមហាក្សត្រ សម្ដេចម៉ែ អមដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត។
ដោយឡែក រថភ្លើង និងព្រះរាជដំណាក់របស់ព្រះមហាក្សត្រ នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំកែលម្អយ៉ាងប្រណិតរួចរាល់ហើយ ដើម្បីត្រៀមសម្រាប់ការយាងរបស់ព្រះអង្គ នាថ្ងៃទី៣០ ខែធ្នូនេះ។
លោក អ៊ុក សុខុន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាផ្ទាល់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ទទួលបន្ទុកត្រួតពិនិត្យការជួសជុលព្រះរាជដំណាក់ក្រុងព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អស់រយៈពេលជាង១ខែកន្លងមកនេះ ការងារជួសជុលព្រះរាជដំណាក់របស់ព្រះមហាក្សត្រ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការជួសជុលរួចរាល់ទាំងស្រុងហើយគិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ហើយនៅសល់តែការងារសំអាតទៀតប៉ុណ្ណោះ៕