(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំអនុវត្តឲ្យបានសម្រេចនូវផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានស្នើក្រសួងឲ្យបន្ដយកចិត្តទុកដាក់លើការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងបញ្ហាប្រឈមក្នុងការអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ជាមួយប្រទេសជិតខាង និងក្នុងតំបន់។ សម្ដេច ស ខេង ក៏បានជំរុញឲ្យក្រសួងអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ជាទ្វេភាគី និងពហុភាគី ក្នុងតំបន់ឲ្យមានប្រសិទ្ធិភាព និងឆ្លើយតបទៅនឹងតម្រូវការ នៃការដឹកជញ្ជូនក្នុងតំបន់ និងពង្រីកទីផ្សារ ការផ្លាស់ប្ដូរផលិតផលរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ សម្បូរបែបដែលអាចជួយរំដោះភាពក្រីក្រប្រជាពលរដ្ឋ។
ដោយឡែក សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងវិញ សម្ដេច ស ខេង ជំរុញក្រសួងបន្ដយកចិត្តទុកដាក់ និងអនុវត្តផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (ប្រព័ន្ធចម្រោះទឹកកខ្វក់ ទីលានសំរាម ចំណតយានយន្ដ) និងប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុង នៅតាមរាជធានី-ខេត្ត ក្រុង-ស្រុក និងទីប្រជុំជនធំៗ ដែលមានសក្ដានុពល ពិសេសបណ្ដាទីក្រុងនៅតាមរបៀងសេដ្ឋកិច្ចជាតិ និងទីក្រុង ព្រមទាំងការសាងសង់ផ្លូវវាង និងការតភ្ជាប់តំបន់មូលដ្ឋានផលិតកម្មជុំវិញទីក្រុង ប៉ូលសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ក៏ចាំបាច់ត្រូវតែខិតខំសម្រេចឲ្យបានជាបន្ទាន់ផងដែរ។
សម្ដេច ស ខេង ក៏បានតាស់តឿនឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំបន្ដកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងសហគមន៍អ្នកផ្ដល់ជំនួយ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជំរុញល្បឿន នៃការកសាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ នឹងវិស័យសាធារណការ និងដឹកជញ្ជូន លិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវ នៃការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មផ្ទៃក្នុងប្រទេស និងក្នុងតំបន់៕