(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ​​NBC-FSI Connect ជំនាន់ទី២ជាផ្លូវការសម្រាប់ឆ្នាំសិក្សា២០១៧ ។

កម្មវិធីបណ្តុះបណ្តាលតាមរបៀបថ្មីនេះ ត្រូវបានរៀបចំឡើងស្របតាមដំណាក់កាលអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ការប្រែប្រួលនៃ​​ស្ថាបត្យកម្ម​ ហិរញ្ញវត្ថុ​អន្តរជាតិ ដែលបច្ចុប្បន្នមានជាង៣០០ស្ថាប័ន បានកំពុងបណ្តុះបណ្តាលមន្រ្តីបុគ្គលិក របស់ខ្លួនប្រមាណជាង១០.០០០រូប តាមរយៈកម្មវិធីនេះ ក្នុងនោះមានមន្រ្តីបុគ្គលិក​ធនាគារជាតិនៃកម្ពុជា ចំនួន២៣៧រូប កំពុងសិក្សាកម្មវិធីនេះផងដែរ។

ធនាគារជាតិបញ្ជាក់ថា នេះ គឺជាគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សថ្មីមួយទៀត របស់ធនាគារជាតិនៃកម្ពុជា ដែលកំពុងបណ្តុះបណ្តាលមន្រ្តីបុគ្គលិក​តាមប្រព័ន្ធ Online ជាមួយវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិ មានឈ្មោះហៅថា វិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុ (FSI Connect) របស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដែលមានមូលដ្ឋាន​​ឮនៅប្រទេសស្វីស ដើម្បីលើកកម្ពស់សមត្ថភាពជំនាញមន្រ្តីបុគ្គលិក ជាពិសេស ធ្វើឯកទេសកម្មលើមុខជំនាញត្រួតពិនិត្យធនាគារ ។

តាមរយៈវឌ្ឍនភាពខាងលើនេះ ទើបនៅដើមឆ្នាំ២០១៦ លោកទេសាភិបាលបានអនុញ្ញាតឱ្យមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងនៅទីស្នាក់ការ​កណ្តាល និងសាខារាជធានី-ខេត្ត ចុះឈ្មោះចូលរៀនក្រោមរូបភាព Voluntary និង Compulsory ។
 
Voluntary គឺអនុញ្ញាតឱ្យមន្ត្រីបុគ្គលិកតាំងស៊ប់ មកពីគ្រប់នាយកដ្ឋានអង្គភាព នៅក្រោមឱវាទធនាគារជាតិនៃកម្ពុជា ស្ម័គ្រចិត្តចុះឈ្មោះចូលរៀន និងចំណែកឯ Compulsory គឺអនុញ្ញាតឱ្យបុគ្គលិកកម្មសិក្សា ដែលទើបបានប្រឡងជាប់ចូលបម្រើការងារ នៅធនាគារជាតិនៃកម្ពុជា ចុះឈ្មោះចូលរៀនវគ្គទី១ ទាំងអស់ហើយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។

ការបើកវគ្គ NBC-FSI Connect ជំនាន់ទី១ជាផ្លូវការនេះ មានមន្ដ្រីបុគ្គលិកចូលរួមចំនួន១៨៧រូប ក្នុងនោះមានមន្ត្រីបុគ្គលិកចំនួន២៥រូប បានទទួលអាហារូបករណ៍សិក្សាដោយ ឥតបង់ថ្លៃពីវិទ្យាស្ថាន FSI Connect និងកំពុងសិក្សាដោយរលូនរហូតមកទល់សព្វថ្ងៃនេះ ។

ក្នុងឆ្នាំសិក្សា២០១៦ នេះ ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពី លោកទេសាភិបាល ជាលទ្ធផលបានឲ្យឃើញថា មន្ត្រីបុគ្គលិកយើងចំនួន ១៨៧រូប កំពុងខិតខំរៀនសូត្រ​យ៉ាងសកម្ម និងបានចុះឈ្មោះប្រឡង Online នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ក្រោមអធិបតីភាពលោកទេសាភិបាលចំនួន ៩លើក ក្នុងនោះមានមន្ត្រីបុគ្គលិក​ចំនួន១៥រូប បានប្រឡងជាប់វគ្គ Fundamental  ដោយជោគជ័យ៕