(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំជូនសាធារណៈជូនទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង ឱ្យចេះថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ ដើម្បីជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។
ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាបលរដ្ឋនៅទូទាំងប្រទេស នូវសារអប់រំសុខភាព ការបង្ការសុខភាពតាមការណែនាំរបស់ក្រសួង ឲ្យបានគ្រប់ៗគ្នា។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំ។
ជំងឺទាំងនោះរួមមាន ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្រ្តិបតូកូក ដែលបង្កឲ្យមានរោគសញ្ញា ដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកពោះរៀន ដោយពពួកវីរុសជាដើម។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ទារក កុមារ និងមនុស្សមានវ័យចំណាស់ នឹងមានហានិភ័យខ្ពស់ ទាក់ទងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់នេះផងដែរ៕