(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានរៀបចំនូវកម្មវីធីចែកវិញ្ញបនបត្រ ដល់និស្សិតដែលបានសិក្សាវគ្គ​​ Samsung Tech Institute​​ ជំនាន់ទី ៣ចំនួន៨០នាក់ នាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានការចូលរួម ពីសំណាក់​​​​លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា លោក​ Seungho Choi អគ្គនាយកគ្រប់គ្រងសាខា ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំកម្ពុជា សាស្រ្ដាចារ្យ រួមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករទៀតផងដែរ។

លោក Seungho Choi បានថ្លែងថា «Samsung Tech Institute នេះត្រូវបានបង្កើតទ្បើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ ​​តាមរយៈការ សហការគ្នាវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយបាន​​ផ្តល់ជូននិសិ្សតជាមួយ និងចំណេះដឹងច្បាស់លាស់តាមរយៈការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយផលិតផល អេឡិចត្រូនិក សាមសុងថ្មីៗចុងក្រោយ ដែលត្រូវបានប្រើប្រាស់ជាច្រើនទូទាំងពិភពលោក រហូតមកដល់ពេលនេះ មាននិស្សិត ៣ជំនាន់ ដែលសរុបទាំងអស់ចំនួន ១៩០នាក់បានបញ្ចប់ការ សិក្សាពីវគ្គបណ្តុះបណ្តាលនេះហើយក៏មាននិស្សិតមួយចំនួនកំពុងធ្វើការនៅ ក្រុមហ៊ុនសាមសុង ផងដែរ»

បណ្ឌិត ប៊ុន ភារិន បានថ្លែងថា «ក្នុងនាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានបណ្តុះ បណ្តាលសាធារណៈមួយនៃ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខ្ញុំសូមឆ្លៀតឱកាសនេះ សំដែងនូវអំណរគុណជាពិសេសចំពោះសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិកប្រចាំកម្ពុជា ដែលបានសហការជាមួយវិទ្យាស្ថានជាតិបច្ចេកទេសរៀបចំបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះទ្បើង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រៅពីផ្តល់ឱកាសដល់និស្សិតទាំងអស់បានសិក្សានិងអនុវត្តជាក់ស្តែងលើផលិតផលអេទ្បិច ត្រូនិកទំនើបៗស្របតាមទីផ្សារបច្ចុប្បន្ន សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកព្រមទាំងផ្តល់ឱកាសការងារដល់និស្សិតដែល
រៀនចប់ផងដែរ»

និស្សិតម្នាក់ឈ្មោះ នី ធូ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០១៥បានថ្លែងឲ្យដឹងថា «ជីវភាពគ្រួសារខ្ញុំ និងជីវិតខ្ញុំបានប្រែពី ភាពខ្មៅងងឹតមកជាភាពភ្លឺថ្លាវិញ គឺដោយសារតែខ្ញុំបានទទួលការសិក្សា វគ្គបណ្តុះបណ្តាលបច្ចេកទេសពី Samsung Tech Institute បានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនសាមសុង។ សាមសុងនៅតែដក់ជាប់ក្នុងបេះដួងខ្ញុំជានិរន្តន៍»

រីឯនិស្សិតឈ្មោះ ជី ជូឡុង ដែលទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលពី Samsung Tech Institute ក្នុងឆ្នាំ២០១៦ហើយទើប តែទទួលបាន ការងារធ្វើថ្មីៗជាមួយក្រុមហ៊ុនសាមសុង បានបង្ហាញចំណាប់អារម្មណ៍ថា «ក្រុមហ៊ុនសាមសុងបានផ្លាស់ប្តូរជីវិតខ្ញុំ ឲ្យកាន់តែប្រសើរឡើង សព្វថ្ងៃខ្ញុំមានការងារ សមស្របមួយបន្ទាប់ពីខ្ញុំបានបញ្ចប់ វគ្គបណ្ដុះបណ្ដាលភ្លាមៗ។ ខ្ញុំសូមអរគុណយ៉ាងជ្រៀលជ្រៅ ជូនដល់ក្រុមហ៊ុនសាមសុង»

សូមបញ្ជាក់ថាសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំកម្ពុជា ផ្តល់តំលៃខ្ពស់ក្នុងការចូលរួម អភិវឌ្ឍន៍សង្គមដើម្បីសហគមន៍ មានភាពល្អប្រសើរ ដូចនេះហើយបានជាក្រុមហ៊ុន​ បង្កើនការឧបត្ថម្ភគាំទ្រ Samsung Tech Institute ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាម
កំណើនរបស់និស្សិតដែលចង់ទទួលបាន នូវចំនេះ និងជំនាញពិតប្រាកដពីកម្មវិធី បណ្តុះបណ្តាលរបស់ Samsung Tech Institute។

 ជាក់ស្តែងមាននិសិ្សតចុះឈ្មោះសិក្សា ចំនួន ៣០នាក់ក្នុងឆ្នាំ២០១៤ ចំនួន៦០ នាក់ក្នុងឆ្នាំ២០១៥ បានបញ្ចប់ការសិក្សាហើយក្នុង ឆ្នាំ២០១៦ ចំនួននិស្សិតក៏មានការកើនឡើងរហូត៨០នាក់។ វគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute នេះដែរក៏ទទួលបាន នូវបានពានរង្វាន់ក្នុងភាពជាដៃគូឆ្នើម ទទួលស្គាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលិខិតសរសើរពី លោកបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា៕