(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យក្រសួងសាធារណការ និង ដឹកជញ្ជូនពិនិត្យឲ្យបានហ្មត់ចត់ លើបច្ចេកទេសសាងសង់ផ្លូវស្ពាន ធ្វើយ៉ាងណាឲ្យការសាងសង់នោះមានគុណភាព និងរឹងមាំ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ សម្ដេចក្រហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះ «សូមបន្ដយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់លើផ្នែកបច្ចេកទេសសាងសង់ថែទាំ និងជួសជុលផ្លូវស្ពាន ឲ្យបានមាំទាំ មានគុណភាព និងមានសុវត្ថិភាព។ ក្រសួងត្រូវខិតខំពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សបន្ថែម រួមទាំងយន្ដការរចនាសម្ព័ន្ធបច្ចេកទេស និងវិធានការចាំបាច់នានា និងមន្ដ្រីដែលទទួលខុសត្រូវលើការងារជំនាញ និងគ្រប់គ្រងការទន្ទ្រានលើដីចំណីផ្លូវ»។
សម្ដេច ស ខេង ក៏បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់គណៈកម្មការចម្រុះត្រួតពិនិត្យ យានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់អតិបរមា ពិសេសលេខាធិការដ្ឋាន និងអនុគណៈកម្មាធិការពាក់ពន្ធ ត្រូវខិតខំកែលំអ ពង្រឹងយន្ដការ និងបន្ដកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបានដាច់ខាតការដឹកជញ្ជូនលើសទម្ងន់កំណត់។
សម្ដេចក្រឡាហោម ក៏បានស្នើក្រសួងខិតខំអនុវត្តឲ្យបានសម្រេចក្នុងការតភ្ជាប់បណ្ដាញផ្លូវដែក តភ្ជាប់ប្រទេសក្នុងតំបន់អាស៊ាន ដែលចាប់ផ្ដើមពីការតភ្ជាប់ផ្លូវដែកពីក្រុងប៉ោយប៉ែត ស៊ីសុផុន ជាមួយផ្លូវដែកថៃ និងបន្ដរហូតដល់ខេត្តបាត់ដំបង និងជំរុញដំណើរការជួសជុលបន្ទាន់ និងស្ដារផ្លូវដេកពីបាត់ដំបង ដល់ភ្នំពេញ ដើម្បីសម្រាលបន្ទុកដឹកជញ្ជូនតាមផ្លូវថ្នល់ និងបង្កើនប្រសិទ្ធិភាពនៃការដឹកជញ្ជូន។
បើតាមសម្ដេច ស ខេង ការសាងសង់ប្រព័ន្ធគមនាគមន៍នេះ នឹងរួមចំណែកជួយដល់ការអនុវត្តគោលនយោបាយឧស្សាហកម្មជាតិ ឆ្នាំ២០១៥-២០១៥ និងផែនការមេ នៃការផ្គត់ផ្គង់ភស្ដុភារ ប្រែក្លាយកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ និងបង្កើតមុខរបរបន្ថែម ជូនប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លូវដែក។
បើទោះបីជាយ៉ាងណា សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលខិតខំប្រឹងប្រែងសម្រេចបានស្នាដៃល្អៗជាច្រើនក្នុងរយៈពេលពេញមួយឆ្នាំនេះ ជាពិសេសលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕