(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បើកសិក្ខាសាលាពិគ្រោះយោបល់អំពី «សៀវភៅសិក្សាទេសចរណ៍ថ្នាក់ទី១១» ក្រោមការដឹកនាំរបស់សហប្រធាន២រូបមាន លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
សិក្ខាសាលាពិគ្រោះយោបល់កែលម្អនេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលថ្មីៗបន្ថែម ធ្វើយ៉ាងណាឲ្យសៀវភៅសិក្សាទេសចរណ៍ថ្នាក់ទី១១នេះ ឈានទៅសម្រេចបានគ្រប់ជ្រុងជ្រោយ មានលក្ខណៈវិទ្យាសាស្រ្ត មានភាពទាក់ទាញ និងសិក្សាងាយយល់ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្ស បម្រើឲ្យវិស័យទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ទេសចរណ៍ក្នុងតំបន់ ព្រមទាំងទេសចរណ៍ក្នុងពិភពលោក។
សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មកពីក្រសួងអប់រំ ក្រសួងទេសចរណ៍ សាកលវិទ្យាល័យនានា និងតំណាងរាជបណ្ធិត្យសភាកម្ពុជា សរុបប្រមាណ ៣០០នាក់ ដើម្បីពិគ្រោះយោបល់ឲ្យបានលម្អិត មុននឹងសម្រេចដាក់សៀវភៅសិក្សាទេសចរណ៍ក្នុងកម្មវិធីសិក្សាជាផ្លូវការ របស់ក្រសួងអប់រំ។
សូមជម្រាបថា ក្រសួងទេសចរណ៍ និងក្រសួងអប់រំ បានឯកភាពគ្នាបង្កើតសៀវភៅសិក្សាទេសចរណ៍នេះ ដាច់ដោយឡែកពីសៀវភៅដទៃទៀតក្នុងកម្មវិធីសិក្សាថ្នាក់ទី១១ ដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕