(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ បន្ទាប់ពីបុរស ល្មោភកាមរូបនោះ បានបៀតបៀនកេរ្តិ៍ខ្មាស់លើរូបរាងកាយកូនស្រីរបស់គាត់ នៅក្នុងបន្ទប់ទឹក។
ជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីចាប់ខ្លួននៅថ្ងៃម្សិលមិញ ហើយការប្រព្រឹត្តបទល្មើស បានកើតឡើងកាល ពីវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងរួចមក នៅរសៀលថ្ងៃទី២៨ ខែធ្នូ កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលត្រាច បានចុះទៅស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ ឈុំ កុំ អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតខាងលើ មកសួរនាំនៅប៉ុស្តិ៍។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ជ.ល.ត អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុទ្ធ ជា អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ក្រោយសួរនាំរួចរាល់ហើយនោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះឈ្មោះ ជ.ល.ត អាយុ៨ឆ្នាំ ចូលក្នុងបន្ទប់ទឹក រួចចាប់សម្រាតខោ យកដៃបបោសអង្អែលប្រដាប់ភេទ ហើយយកលឹង្គទៅអូសកាត់ពីលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ តែមិនបានស៊ីជម្រៅអ្វីនោះឡើយ ដែលសកម្មភាពបែបនេះ ខ្លួនបានធ្វើ៣ដងរួចមកហើយ ទើបតែចុងក្រោយបែកការ ឪពុកក្មេងស្រីរងគ្រោះឈ្មោះ សុទ្ធ ជា អាយុ៣៩ឆ្នាំមកទាន់។
បើទោះបីជាចម្លើយសារភាពយ៉ាងណាក្តី ក៏ច្បាប់នៅតែចាត់ការជនកំហូចរូបនោះ តាមបញ្ជារបស់លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕